អាមេរិក ប្រកាសប្តូរឈ្មោះ ឈូងសមុទ្ទម៉ិកស៊ិក ទៅជាឈូងសមុទ្ទអាមេរិកជាផ្លូវការ និងកំពូលភ្នំ Denali នៃរដ្ឋអាឡាស្កាទៅជាភ្នំ McKinley

វ៉ាស៊ីនតោន៖ ក្រសួងមហាផ្ទៃរបស់អាម៉េរិក បានប្រកាសកាលពីថ្ងៃសុក្រទី២៤ ខែមករាពីការប្តូរឈ្មោះ«ឈូងសមុទ្ទម៉ិកស៊ិក» ទៅជា«ឈូងសមុទ្ទអាម៉េរិក»ជាផ្លូវការ និង«កំពូលភ្នំ Denali» នៃរដ្ឋអាឡាស្កាទៅជាភ្នំ «McKinley»។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យប្តូរឈ្មោះ បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃចន្ទទី២០ ខែមករា តបតាមការសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ ក្រសួងមហាផ្ទៃអាម៉េរិកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«តាមសេចក្តីណែនាំរបស់ប្រធានាធិបតី ឈូងសមុទ្ទម៉ិកស៊ិកនឹងត្រូវបានគេស្គាល់ជាផ្លូវការថាជាឈូងសមុទ្ទអាម៉េរិក ហើយកំពូលភ្នំខ្ពស់បំផុតប្រចាំអាម៉េរិកខាងជើងត្រូវបានប្តូរទៅឈ្មោះ McKinley សាជាថ្មី»។
ក្រសួងមហាផ្ទៃរបស់អាម៉េរិកបានរាយរាប់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ឈូងសមុទ្រអាម៉េរិក ដែលពីមុនត្រូវបានគេស្គាល់ថាជាឈូងសមុទ្រម៉ិកស៊ិក គឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចរបស់ប្រទេស។ ដោយលាតសន្ធឹងលើឆ្នេរសមុទ្រអាម៉េរិកជាង១៧០០ ម៉ាយ និងគ្របដណ្ដប់លើផ្ទៃដីជិត១៦០ លានហិកតា ឈូងសមុទ្របានក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម ផលិតកម្មថាមពល និងឧស្សាហកម្មសមុទ្ររបស់អាម៉េរិក»។ កំពង់ផែរបស់វាជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពង់ផែធំបំផុត និងគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក ដោយភ្ជាប់ទំនិញអាម៉េរិកទៅកាន់ទីផ្សារពិភពលោក។
គួរជម្រាបថា កំពូលភ្នំដ៏ខ្ពស់របស់រដ្ឋអាឡាស្កាដំបូងមានឈ្មោះថា McKinley ប៉ុន្តែត្រូវប្តូរទៅជា Denali មានន័យថាខ្ពស់នៅក្នុងភាសាជនជាតិដើមភាគតិច Koyukon ក្នុងឆ្នាំ១៩៧៥ តាមសំណើរបស់រដ្ឋ។ យ៉ាងណា នៅឆ្នាំ២០២៥ នេះ រដ្ឋបាលលោក ត្រាំ បានប្តូរវាទៅឈ្មោះដើមវិញ។ ការផ្លាស់ប្ដូរនេះគឺដើម្បីបង្ហាញការគោរពចំពោះកិត្តិយសរបស់អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក William McKinley ដែលជាមេដឹកនាំវាទីនិយម ពង្រីកវិសាលភាពទឹកដីដូចជា៖ ហាវៃ កោះហ្គាំ និង Puerto Rico៕

