ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយករណីដែលអូសបន្លាយយូរឆ្នាំនៅស្រុកព្រៃឈរ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយកន្លែងស្ថិតក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ។
ករណីទំនាស់ដីធ្លីខាងលើនោះ, បើតាមលោក ជុំ សូភាព មេឃុំបារាយណ៍, ដីជ្រនាប់នេះ គឺជាដីស្រះទឹកសំរាប់ស្រោចស្រង់ដំណាំស្រូវ និងដំណាំហូបផ្លែផ្សេងផងដែរ ដែលអ្នកភូមិដាក់ឈ្មោះ «ជាដីមេទឹកជ្រនាប់» ស្ថិតនៅភូមិឃុំ ដូចខាងលើ។
លោកមេឃុំបន្តថា នៅក្នុងឆ្នាំ១៩៨០ ដីនេះត្រូវបានដាក់ជាបន្ទាយយោធា ដើម្បីការពារទឹកដីក្នុងស្រុកព្រៃឈរ ក្រោយមកនៅឆ្នាំ១៩៨៥ ឈ្មោះ ជា សុខខែម បានមករស់នៅលើដីនេះជាមួយប្ដីដែលជាយោធាតាំងពី ពេលនោះ មករហូតដល់ពេលដកយោធាចេញពីទីតាំងជ្រនាប់នេះ។
ក្រោយមកលោក ម៉ម ម៉ូត ដែលជាមេបក្សស្រុកព្រៃឈរ បានប្រគល់ដីនេះឲ្យគ្រួសារគាត់កាន់កាប់ រស់នៅរហូតមានកូនចៅបានមករស់នៅលើដីនេះដែរ ដល់កំឡុងឆ្នាំ២០០៥ មានក្រុមចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ បានចុះមកវាស់ វែងដីធ្វើប្លង់ជូនប្រជាពលរដ្ឋ ស្រាប់តែមាននាក់ភូមិប្រហែល ៦ ទៅ ៧នាក់ បានមកធ្វើការរារាំង មិនឲ្យពួកគាត់ចុះបញ្ជីធ្វើប្លង់នេះទេ ដោយសំអាងថា ដីនេះជាមេទឹកជ្រនាប់ទៅវិញ។
ក្រោយមកក្រុមចុះបញ្ជីបានធ្វើការសម្របសម្រួលផងដែរ តែលទ្ធផលមិនបានត្រូវគ្នានោះទេ ហើយក៏បានទុកដីនេះមិនបានចេញប្លង់ជូនទេ (ដោយសម្របសម្រួលមិនបាន)។ ប៉ុន្តែពួកគាត់ទាំង៦គ្រួសារនេះ នៅតែបន្តរស់នៅលើ ដីនេះ រហូតមកដល់បច្ចុប្បន្ននេះ តែពេលពួកគាត់ចង់ធ្វើអ្វីមួយដូចជាកាប់ដើមឈើចេញខ្លះ ពួកប្រជាពលរដ្ឋនៅខាងលើនោះ តែងតែមកជំទាស់រហូត។
ករណីខាងលើនេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីការចុះពិនិត្យដល់កន្លែងកើតហេតុ លោកនឹងចាត់តាំងឲ្យក្រុមការងារមន្ត្រីជំនាញ ឲ្យចុះសិក្សាលំអិត ដើម្បីបានលទ្ធផល យកមកប្រជុំដោះស្រាយ បញ្ចប់ករណីនោះ ៕

