WHO៖ យ៉ាងហោចណាស់លុយ ១០ពាន់លានដុល្លារ ទំនងជានឹងត្រូវការ ដើម្បីកសាងប្រព័ន្ធសុខភាពដែលបំផ្លិចបំផ្លាញរបស់តំបន់ហ្កាហ្សាឡើងវិញ ក្នុងរពេល៥-៧ឆ្នាំខាងមុខ

ហ្សឺណែវ៖ យ៉ាងហោចណាស់លុយចំនួន១០ពាន់លានដុល្លារ ទំនងជានឹងត្រូវការដើម្បីកសាងប្រព័ន្ធសុខភាពដែលបំផ្លិចបំផ្លាញរបស់តំបន់ហ្កាហ្សាឡើងវិញ ក្នុងរយៈពេល៥ទៅ៧ឆ្នាំខាងមុខ។ នេះបើយោងតាមការវាយតម្លៃដំបូងរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៦មករា។
លោក រីគ ភីភឺកន តំណាងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ប្រចាំនៅទឹកដីប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា តម្រូវការ គឺមហិមាណាស់។ ជាមួយនឹងបទឈប់បាញ់លេចជារូបរាងឡើង អង្គការមនុស្សធម៌កំពុងអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ទៅកាន់តំបន់តូចចង្អៀតហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ទំហំនៃតម្រូវការដ៏ខ្ពស់នេះ។ លោក ភីភឺកន បាននិយាយថា ការប៉ាន់ប្រមាណដំបូងរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អំពីការចំណាយលើការកសាងឡើងវិញ នូវវិស័យសុខាភិបាលគឺជាង៣ពាន់លានដុល្លារ សម្រាប់រយៈពេល១ឆ្នាំកន្លះដំបូង និងបន្ទាប់មក១០ ពាន់លានដុល្លារសម្រាប់រយៈពេល៥ ទៅ៧ឆ្នាំ។
លោក ភីភឺកន បន្ថែមថា WHO បានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការគាំទ្ររបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទឹកដី។ លោកបានបន្តថា៖«អ្វីដែលសំខាន់..គឺសន្តិសុខដែលជាឧបសគ្គនយោបាយក្នុងការផ្តល់ជំនួយនៅទូទាំងតំបន់ហ្កាហ្សា ត្រូវបានដកចេញ។ យើងត្រូវការការចូលដំណើរការយ៉ាងឆាប់រហ័ស គ្មានការរារាំង និងមានសុវត្ថិភាព ដើម្បីពន្លឿនរំហូរជំនួយចូលទៅក្នុង និងទូទាំងតំបន់ហ្កាហ្សា»។ ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយេស៊ូស បាននិយាយថា តិចជាងពាក់កណ្តាលនៃមន្ទីរពេទ្យហ្កាហ្សាដំណើរការ។ លោកបានសាទរចំពោះសេចក្ដីប្រកាសកាលពីថ្ងៃពុធពីអ្នកសម្រុះសម្រួល ដែលថា ទីបំផុតអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស បានឈានដល់បទឈប់បាញ់ ជាព័ត៌មានដ៏ល្អបំផុត។
លោកបានសម្ដែងក្ដីសង្ឃឹមថា៖«កិច្ចព្រមព្រៀងនេះជាការបញ្ចប់ជំពូកងងឹតបំផុតក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យើងស្វាគមន៍ដំណឹងនេះ ប៉ុន្តែក៏មានការសោកស្ដាយផងដែរ ដែលវាយឺតពេលសម្រាប់អ្នកដែលបានស្លាប់ក្នុងជម្លោះនេះ»។ បន្ថែមពីនោះ ប្រធានអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា៖«ឱសថល្អបំផុត..គឺសន្តិភាព។ ដូច្នេះ សូមឱ្យការព្យាបាលចាប់ផ្តើមមិនមែនសម្រាប់តែហ្កាហ្សាទេ ប៉ុន្តែសម្រាប់អ៊ីស្រាអែលផងដែរ។ នេះជាផលប្រយោជន៍ល្អបំផុតរបស់អ្នករាល់គ្នា»។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយរួមបញ្ចូលបីដំណាក់កាល ដែលដំណាក់កាលនីមួយៗនឹងមានរយៈពេល៤២ថ្ងៃ៕

