អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលមរណភាពនៅអាយុ១០០ឆ្នាំ

វ៉ាស៊ីនតោន៖ បើតាមការប្រកាសរបស់អង្គការ Carter Center របស់លោក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួលមរណភាពហើយនៅអាយុ១០០ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។
លោក Jimmy Carter បានទទួលការព្យាបាលថែទាំ ក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោក ចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នៅឯផ្ទះរបស់លោកផ្ទាល់ក្នុងទីក្រុង Plains នៃរដ្ឋ Georgia។ Plains គឺជាទីក្រុងតូចមួយ ជាទីដែលលោក Carter បានចាប់កំណើត និងធ្លាប់ធ្វើជាកសិករដាំសណ្ដែកដី មុននឹងក្លាយជាអភិបាលរដ្ឋ Georgia និងចូលរួមក្នុងការប្រជែងយកតំណែងជា ប្រធានាធិបតីអាមេរិក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ Carter Center បានគូសបញ្ជាក់ដូច្នេះថា «លោក Carter បានទទួលមរណភាពយ៉ាងស្ងៀមស្ងាត់នៅឯផ្ទះរបស់លោក ក្នុងទីក្រុង Plains ព័ទ្ធជុំវិញដោយសមាជិក គ្រួសាររបស់លោក»។
លោក Chip Carter ដែលជាកូនប្រុសរបស់លោក Jimmy Carter ក៏បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះដែរថា «ឪពុករបស់ខ្ញុំជាវីរបុរស មិនមែនតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ តែគឺសម្រាប់មនុស្សគ្រប់គ្នាដែលជឿជាក់លើសន្តិភាព សិទ្ធិមនុស្ស និងក្ដីស្រឡាញ់ដែលគ្មានភាពអត្មានិយម»។
គួរបញ្ជាក់ថា កើតនៅឆ្នាំ១៩២៤ លោក Jimmy Carter ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផងនោះ បានកាន់តំណែងប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យចាប់ពីខែមករា ឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៨១ បន្ទាប់ពីបានយកឈ្នះលើប្រធានាធិបតីកំពុងកាន់អំណាចនៅពេលនោះ គឺលោក Gerald Ford ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ១៩៧៦៕

