អ្នកដំណើរម្នាក់នៅលើយន្ដហោះដែលធ្លាក់កាលពីថ្ងៃអាទិត្យ ផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិរបស់ខ្លួន មុនយន្តហោះផ្ទុះឆេះ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង News1 agency អ្នកដំណើរម្នាក់នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិម្នាក់របស់ខ្លួន មុននឹងយន្ដហោះនេះ រអិលធ្លាក់ចេញពីផ្លូវ ទៅបុកជញ្ជាំងការពារ បណ្ដាលឱ្យផ្ទុះឆេះសម្លាប់មនុស្ស១៧៩នាក់។
News1 agency បានឱ្យដឹងថាអ្នកដំណើរម្នាក់នៅលើយន្ដហោះដែលបានហោះចេញពីប្រទេសថៃឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Muan កាលពីព្រឹកថ្ងៃអាទិត្យ បានផ្ញើសារទៅកាន់សាច់ញាតិម្នាក់របស់ ខ្លួនតាមរយៈបណ្ដាញទំនាក់ទំនង KakaoTalk ដោយប្រាប់ថា «សត្វបក្សីមួយក្បាលបានហោះបុកស្លាបយន្ដហោះ ហើយយើងមិនអាចចុះចតបានទេ»។ អ្នកដំណើររូបនេះដដែលក៏បានចោទសួរដែរ «ថាតើខ្ញុំគួរតែ និយាយពាក្យចុងក្រោយរបស់ខ្ញុំដែរឬទេ?» ហើយក្រោយបន្តិចក៏ស្ងាត់បាត់ឈឹង។
គួរបញ្ជាក់ថា អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ហេតុការណ៍យន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air ដែលបានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានផ្តាច់ជីវិតមនុស្សសឹងទាំងអស់ នៅលើនោះគឺយ៉ាងហោច១៧៩នាក់ ហើយមានមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះភ្លាមៗ ក្នុងចំណោមមនុស្សសរុបទាំង១៨១នាក់ ដែលស្ថិតលើយន្តហោះ ក្រោយពេលវាជួបគ្រោះថ្នាក់។ គ្រោះថ្នាក់នោះ បានកើតឡើង ពេលយន្តហោះ ព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan។
យន្តហោះខាងលើ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយ អ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះ ចំនួន៦នាក់។ ក្នុងចំណោមអ្នកដំណើរ គឺមានជនជាតិថៃ២នាក់ ក្រៅពីនោះជាជនជាតិកូរ៉េ។ សម្រាប់មនុស្ស២នាក់ ដែលរងរបួសនិងត្រូវបានជួយសង្រ្គោះ គឺជាអ្នកបម្រើការលើយន្តហោះ៕

