រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថានឯកអគ្គរាជទូតប្រចាំរដ្ឋធានីឌីលី ប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ។ អនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កំណត់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីម័រខាងកើត មានឯកអគ្គរាជទូត១រូប ជាប្រធានបេសកកម្ម ហើយមន្ត្រីផ្នែកការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការជាក់ស្តែង។
ប្រធានាធិបតីទីម័រខាងកើត ជួបពិភាក្សាគ្នាលើទឹកដីសហរដ្ឋអាម៉េរិក ពេលទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២៣។
ប្រទេសក្នុងតំបន់អាស៊ាន បានឱ្យដឹងថា កម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះការទទួលយកទីម័រខាងកើត ចូលជាសមាជិកទី១១របស់អាស៊ាន។ កន្លងមក កម្ពុជាតែងជំរុញ និងស្នើឱ្យអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកពេញសិទ្ធិ និងជាផ្លូវឱ្យបានឆាប់ ហើយទីម័រខាងកើត ក៏ធ្លាប់អរគុណកម្ពុជា ចំពោះការគាំទ្រនេះ។ ទីម័រខាងកើត ក៏ជាប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានដែរ។
កាលពីឆ្នាំ២០១១ ទីម័រខាងកើត បានដាក់ពាក្យសុំចូលជាសមាជិកអាស៊ាន ហើយដល់ឆ្នាំ២០២២ មេដឹកនាំអាស៊ាន បានសម្រេចជាគោលការណ៍ក្នុងការទទួលយកទីម័រខាងកើត ជាសមាជិកទី១១ ប៉ុន្តែមកដល់បច្ចុប្បន្ន ទីម័រខាងកើត នៅមិនទាន់ក្លាយជាសមាជិកពេញសិទ្ធិ និងជាផ្លូវរបស់អាស៊ាននោះទេ។ បច្ចុប្បន្ន ឋានៈទីម័រខាងកើតក្នុងអាស៊ាន គឺជាសមាជិកសង្កេតការណ៍។
ក្នុងឋានៈជាសមាជិកសង្កេតការណ៍នេះ ទីម័រខាងកើត មានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ប៉ុន្តែពុំមានសិទ្ធិបោះឆ្នោតលើសេចក្តីសម្រេចណាមួយ ដូចសមាជិកពេញសិទ្ធិទាំង១០ប្រទេសរបស់អាស៊ានឡើយ ៕


