ក្រុមប្រឹក្សារាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ ខណ្ឌចំការមន គឺជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល ១ឆ្នាំម្តង ដើម្បីបញ្ជាក់ឱ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈម និងស្តាប់ពីសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ជាលើកទី១៤ និងជាលើកចុងក្រោយបង្អស់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតី ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ បានលើកឡើងពីកង្វល់របស់គាត់ថា «គាត់មិនចេះអក្សតើអាចទៅរៀន និងធ្វើប័ណ្ណបើកបរបានឬទេ? ព្រោះគាត់ជាអ្នករត់កង់បីចង់បានប័ណ្ណបើកបរ»។
ពាក់ព័ន្ធនឹងសំណួរនេះ លោក ឯក ឃុនដឿន បានបញ្ជាក់ថា បើទោះបីប្រជាពលរដ្ឋមិនចេះអក្ស បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ ដោយផ្អែកតាមច្បាប់ រាជដ្ឋាភិបាល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ដូចជា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចងក្រងជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា បងប្អូនរត់ម៉ូតូកង់បី និងជាមួយក្រុមផ្សេងទៀត ដោយ ឯកឧត្ដមអភិបាល តែងបានណែនាំឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី ជួយបណ្តុះបណ្តាល និងធ្វើប័ណ្ណបើកបរជូនបងប្អូន ដើម្បីឱ្យបងប្អូនចេះច្បាប់ចរាចរណ៍។
លោក ឯក ឃុនដឿន បានបញ្ជាក់បន្ថែមថា សម័យបច្ចេកវិទ្យាទាន់សម័យនេះ មិនចេះអក្ស បងប្អូនក៏អាចទៅរៀន និងប្រឡងយកប័ណ្ណបើកបរបាន គឺយើងមានការប្រើប្រាស់អែប (APP) ជាសំលេងជំនួសអក្ស។
លោក ឯក ឃុនដឿន បានលើកឡើងទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នេះ មានសំណួរ ផ្ទាល់មាត់របស់ប្រជាពលរដ្ឋតែម្នាក់គត់ ជាមួយនិងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៧ច្បាប់ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ។
ក្នុងឱកសនោះដែរ ឯកឧត្ដម ជួប ខុន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការ នាថ្ងៃនេះ គឺជាខណ្ឌចុងក្រោយគេ ក្នុងចំណោមខណ្ឌទាំង១៤ ដែលនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើ ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា៖ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ គឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅរវាងរដ្ឋបាលារាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល- សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន៕

