លោកជំទាវ សេង វណ្ណសាយ អញ្ជើញបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)

ភ្នំពេញ៖ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ នៅសាលប្រជុំសណ្ឋាគារសង្គហៈមិត្ត។
សូមជម្រាបថា វគ្គសិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ចំនួន១៤ រាជធានី-ខេត្ត និងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកចំនួន៧០រូប សរុបសិក្ខាកាមចូលរួមប្រមាណ ១២២រូប។
លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយពេលនេះគឺដើម្បីចូលរួមអនុវត្តន៍គោលការណែនាំ និងប្រកាសចំនួន ៥គឺ ទី១)ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ ស.ក.ប.ទ. ការចុះបញ្ជី និងការគ្រប់គ្រង ស.ក.ប.ទ. ទី២)គោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈសហគមន៍កសិករប្រើប្រាស់ទឹក និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិករប្រើប្រាស់ទឹក ទី៣)ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទលើការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌសហគមន៍កសិករប្រើប្រាស់ទឹក ទី៤)កិច្ចព្រមព្រៀងស្តីពីការផ្ទេរការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងទី៥)ប្រកាសស្តីពីការរំលាយចោលសហគមន៍កសិករប្រើប្រាស់ទឹក៕

