ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អញ្ជេីញប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង លោក សន ស៊ីផល ប្រធានសាខាពន្ធដារបន្ទាយមានជ័យថ្មី

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជេីញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង លោក សន ស៊ីផល ប្រធានសាខាពន្ធដារបន្ទាយមានជ័យថ្មី ជំនួសលោក ព្រីម សាលី ដែលត្រូវទៅទទួលភារកិច្ចថ្មី។ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤
ឯកឧត្តមបណ្ឌិត កែន សម្បត្តិ ក៏បានថ្លែងនូវការកោតសរសើរចំពោះលោក សន ស៊ីផល ប្រធានសាខាពន្ធដារថ្មី ត្រូវបន្តខិតខំការបំពេញកិច្ចការងារឱ្យបានល្អប្រសើរ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អជាមួយមន្ត្រីក្រោមឱវាទ។
ជាមួយគនានោះឯកឧត្តម បានលេីកឡេីងថា ការប្រមូលចំណូលពន្ធនៅថ្នាក់ក្រោមជាតិ ធ្វើឱ្យរដ្ឋាភិបាល មានលទ្ធភាពក្នុងការសន្សំទុក ដើម្បីធ្វើការដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះមុខ ។ ជាក់ស្តែងដូចដំណាក់កាលនៃការរីករាលដាលកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយដើមទុនក្នុងការជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ រិះរកវ៉ាក់សាំង ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីការពារពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ។ ដែលទាំងអស់នេះ គឺជាការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ពិសេសក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរប់សសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែបន្តគិតគូរយកចិត្តទុកដាក់ទៅលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាខ្លាំង។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កន្លងមកនេះ សាខាពន្ធដារខេត្តបន្ទាយមានជ័យ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៩៤០៥២លានរៀល ស្មើនី ៩៨.៨៧ % នៃផែនការ ដែលក្នុងនោះរួមមាន ថវិកាថ្នាក់ជាតិប្រមូលបានចំនួន៣៨ ២៥៩ លានរៀល ស្មើនឹង១០៧,៣១ % នៃផែនការ។ ថវិកាថ្នាក់ក្រោមជាតិ ប្រមូលបានចំនួន ៥៥ ៧៩៣ លានរៀល ស្មើនឹង ៩៣,៨១% នៃផែនការ។ បើប្រៀបធៀបចំណូលរយៈពេល១១ ខែឆ្នាំ២០២៤ ទៅនិង ចំណូលរយៈពេល១១ ខែឆ្នាំ២០២៣ ឃើញថាការប្រមូលចំណូលពន្ធមានការកើនឡើងចំនួន ៦ ៣៦០ លានរៀល ស្មើនឹង ៧,២៥%៕

