នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងសុខភាព UnitedHealthcare នៅអាមេរិក ត្រូវគេបាញ់សម្លាប់ នៅទីក្រុង New York

ញូវយ៉ក៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក Brian Thompson នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាព UnitedHealthcare ត្រូវបានគេបាញ់សម្លាប់ កាលពីវេលាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ (ពេលវេលានៅអាមេរិក) នៅខាងក្រៅសណ្ឋាគារមួយ ក្នុងសង្កាត់ Manhattan នៃទីក្រុង New York របស់សហរដ្ឋអាមេរិក។
លោក Thompson អាយុ៥០ឆ្នាំ បានរងការបាញ់ប្រហារនៅខាងក្រៅសណ្ឋាគារ Hilton លើដងវិថី Sixth Avenue មុនពេល ក្រុមហ៊ុនរបស់លោក ត្រូវបើកសន្និសីទវិនិយោគិនប្រចាំឆ្នាំ។ ភ្លាមៗ រូបលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីជួយសង្រ្គោះ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោក Thompson ក៏ត្រូវបានប្រកាសថា បាត់បង់ជីវិត។
ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួននៅឡើយ ហើយពួកគេកំពុងស៉ើបអង្កេតចេតនា នៅពីក្រោយការបាញ់ប្រហារ។ យ៉ាងណាមិញ បើតាមអគ្គស្នងការប៉ូលិសក្រុង New York ករណីនេះ ហាក់មិនមែនជា អំពើហិង្សាចៃដន្យនោះទេ ដោយអ្វីៗបាន ឱ្យតំរុយថា វាគឺជាការវាយប្រហារ ដែលត្រូវបានគិតនិងរៀបចំផែនការទុកជាមុន ហើយមានគោលដៅច្បាស់លាស់។
គួរបញ្ជាក់ថា ក្រុមហ៊ុន UnitedHealthcare ជាបុត្រសម្ព័ន្ធទទួលបន្ទុកផ្នែកធានារ៉ាប់រង របស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាព ធំជាងគេបង្អស់ នៅសហរដ្ឋអាមេរិក គឺ UnitedHealth Group។ លោក Brian Thompson បានកាន់តំណែងជា CEO របស់ UnitedHealthcare ចាប់តាំងពីខែមេសា ឆ្នាំ២០២១៕
