មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ រំលឹកដល់នាយទាហាន ពលទាហានទាំងអស់ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន

ភ្នំពេញ៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពតំបន់អភិវឌ្ឍន៍ ធ្វើពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងទូទៅ ដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ ស៊ុន សុផាន់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ នៅទីបញ្ជាការតំបន់អភិវឌ្ឍន៍ ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះលោកមេបញ្ជាការ បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការរៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ គោរពឱ្យបានម៉ឺងម៉ាត់ រាល់តួនាទី ភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់ថ្នាក់លើ ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យ បូរណភាពទឹកដី រក្សាឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ បទវិន័យ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បន្តរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ល្អជានិច្ច ។
លោកមេបញ្ជាការ បានរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ សូមជៀសឆ្ងាយឱ្យផុតពីគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្មារតី បង្កជាបញ្ហាអស្ថេរភាពនៅក្នុងសង្គមជាតិ។
ចុងបញ្ចប់កម្មវិធី វរសេនីយ៍ទោ ស៊ុន សុផាន់ បានឧបត្ថម្ភថវិកាដល់វគ្គហ្វឹកហ្វឺន និងបានប្រកាសបិទវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ ៕

