អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបិតប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាផ្លូវការ

ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤ ត្រូវបានបិតប្រកាសជាផ្លូវការក្រោមវត្តមានឯកឧត្ដម សរ សុធត្រា អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យភូមិភាគស្ទឹងត្រែង។
បើយោងតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បានឲ្យដឹងថា បេក្ខជនមកប្រឡងចំនួន១.០៣៨នាក់ បេក្ខជនបានប្រឡងជាប់ ៨៨៣នាក់ ស្រី៤៩២នាក់ ស្មើ៨៥,០៧% ។
លោកហ៊ាង ប៉ូលី បន្តថា ឆ្នាំនេះ មានបេក្ខជនចំនួន៥នាក់ បានប្រឡងជាប់និទ្ទេស”A” ។ និទ្ទេសB ៥១នាក់ និទ្ទេស C ១៨៦នាក់ D ៣៣៨ នាក់ និងនិទ្ទេស E ៣០៣ នាក់ ។
បើតាមលោក ហ៊ាង ប៉ូលី បន្តថា ឆ្នាំនេះបេក្ខជន ធ្វើបានល្អជាងឆ្នាំកន្លងទៅ ហើយការណ៍នេះ ក៏ដោយសារលោកគ្រូ អ្នកគ្រូ បានខិតខំបង្ហាត់បង្រៀនអស់ពីសមត្ថភាពផងដែរ ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ នៅមណ្ឌលប្រឡងខេត្តស្ទឹងត្រែង បេក្ខជនភាគច្រើន មានសមត្ថភាពធ្វើបានគ្រប់វិញ្ញាសា។ ហើយចំពោះការប្រឡង បានប្រព្រឹតទៅដោយរលូន និងជោគជ័យ៕

