វិវាទពាក់ព័ន្ធនិងកិច្ចសន្យាទិញលក់ដីមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហ៊ូ ប៊ុនណន និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដី បានដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាទិញលក់ដីមួយកន្លែង ស្ថិតនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល តាំងពីឆ្នាំ ២០១៩ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមកនៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕
