ឃាតកដែលវាយសម្លាប់ប្អូនប្រុសបង្កើត ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ត្រូវបានចាប់ខ្លួនហើយ
ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ឃាតកដែលវាយសម្លាប់ប្អូនប្រុសបង្កើត ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ត្រូវបានចាប់ខ្លួនហើយ ស្ថិតនៅចំណុចភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រតិបត្តិការឃាត់ខ្លួនជនដៃដល់ដែលជាបងប្រុសបង្កើតនេះ ធ្វើឡើងកាលពីថ្ងៃទី១៣តុលា ឆ្នាំ២០២៤ បន្ទាប់ពីជនដៃដល់ធ្វើសកម្មភាពរួច ព្យាយាមបើករថយន្តគេចខ្លួន។ យ៉ាងណា ភ្លាមៗកម្លាំងជំនាញនៃកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបើកការស្រាវជ្រាវ ដោយសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប រហូតឈានដល់ការកំណត់ទីតាំងលាក់ខ្លួន ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស្រង់ សុវណ្ណ អាយុ៣២ឆ្នាំ ដែលមានមុខរបរជាអ្នករត់តាក់ស៊ីបានផងដែរ។
គួររំឭកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាន ករណីឃាតកម្មមួយកើតឡើង ដោយជនរងគ្រោះឈ្មោះ ស្រង់ នេត្រា ត្រូវជាប្អូនពៅ បានទៅលេងផ្ទះម្តាយឃើញបងប្រុសឈ្មោះ ស្រង់ សុវណ្ណ នាំប្រពន្ធកូនមករស់នៅផ្ទះដែលខ្លួនធ្វើទុកឱ្យម្តាយរស់នៅ ក៏មានការឈ្លោះប្រកែកគ្នា ស្របពេលដែលម្តាយមិននៅផ្ទះ ពោលគឺបានទៅលេងផ្ទះអ្នកជិតខាង ពេលនោះពួកគេទាំងពីរបានឈ្លោះប្រកែកគ្នា ដោយភាគីខាងជនរងគ្រោះស្តីបន្ទោសជេរមើលងាយបងប្រុសដែលនាំប្រពន្ធកូនមករស់នៅជាម្តាយ ក្រោមដំបូលផ្ទះដែលរូបគេ(ប្អូនប្រុស) សាងសង់ឱ្យម្តាយស្នាក់នៅ។
ដោយទ្រាំនឹងការប្រមាថរបស់ប្អូនមិនបាន បងប្រុសក៏បានចាក់សោមុខផ្ទះ ហើយយកចបជីកដែកវ៉ៃសំពងក្បាលប្អូនពីក្រោយចំនួន៣ចប បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត។ ភ្លាមៗក្រោយធ្វើសកម្មភាពរួច បងប្រុសបានដើរទៅប្រាប់ម្តាយថាខ្លួនបានវាយសម្លាប់ប្អូនប្រុស ហើយគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នជនជាប់ចោទជាឃាតក ត្រូវបានកម្លាំងជំនាញបញ្ជូនមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរចម្លើយ និងចាត់វិធានការតាមនីតិវិធីច្បាប់៕

