ប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាល ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី

ភ្នំពេញ៖ លោក ម៉ៅ បូរ៉ា ប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល
ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី ។
មានមតិស្វាគមន៍ក្នុងឱកាសនោះ លោក ម៉ៅ បូរ៉ា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី ដែលប្រព្រឹត្តទៅ រយៈពេលមួយព្រឹក មានគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិកដែលជាក្រុមប្រឹក្សា តាមរយៈវគ្គបណ្តុះបណ្តាលនេះអាចពង្រឹងសម្ថតភាពបន្ថែម ពីការកសាងភាពជាដៃគូ ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ម៉ៅ បូរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាល
ជ្រៅបំផុតចំពោះការជឿជាក់ និងការជឿទុកចិត្តដល់រូបលោក ក្នុងនាមជាប្រធានសាខាសមាគម និង ខិតខំអស់ពីកម្លាំងកាយចិត្តក្នុងកាបំពេញតួនាទីពង្រឹងស្ថាប័ន ឱ្យក្លាយជាអង្គភាពដ៏គួរឱ្យជឿទុក ដើម្បីធានាដល់ការលើកកម្ពស់ ផ្ដល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ស្របច្បាប់របស់សមាជិក។
ថ្លែងក្នុងឱកាសនោះដែរលោក លីន ញ៉ក់ អភិបាលរងខណ្ឌដូនពេញ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្ដាល ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី រយៈពេលមួយព្រឹកនេះ ។
លោកអភិបាលរងខណ្ឌ មានប្រសាសន៍ថា វគ្គបណ្តុះបណ្ដាល ស្តីពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោត នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះ បញ្ចាំងពីការអនុវត្ត យ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគម ដែលជា”នីតិបុគ្គល” តំណាង ឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់ សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាល ភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
លោកអភិបាលរងខណ្ឌបានរំលឹកថា នៅពេលយើងមានក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ដែល កើតឡើងពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ បញ្ហាសមត្ថភាព ស្វ័យភាព និង គណនេយ្យភាពរបស់ក្រុមប្រឹក្សា គឺជាអាទិភាពចម្បងមួយដែលក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេស គ.ជ.អ.ប បានយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សាខណ្ឌ សង្កាត់ បំពេញតួនាទីភារកិច្ចប្រកបដោយសមត្ថភាព មានស្វ័យភាព និងមានគណនេយ្យភាព ខ្ពស់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងទស្សនវិស័យនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមបង្កើត ឱ្យមាន “សមាគមក្រុមប្រឹក្សា ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត” និង “សម្ព័ន្ធភាពជាតិក្រុម ប្រឹក្សាឃុំ សង្កាត់” នៅឆ្នាំ២០០៦ ដែលជាតំណាងឱ្យសម្លេង របស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស។ នៅពេលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបង្កើត ឡើងនៅឆ្នាំ២០០៩ មានសមាគមអាជ្ញាធរមូលដ្ឋាន ចំនួនពីរ ត្រូវបានបង្កើតឡើងនៅ ថ្នាក់ជាតិ គឺ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត តាមរយៈមហាសន្និបាតលើកទី១ នា ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ជាតំណាងសម្លេងរបស់ក្រុមប្រឹក្សារាជធានី ខេត្តនៅ ទូទាំងប្រទេស និងសម្ព័ន្ធភាពជាតិឃុំ សង្កាត់ ដែលក្រោយមក នៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៤ មហាសន្និបាតត្រូវបានរៀបចំឡើង ដោយបញ្ចូលក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បង្កើតជា “សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណា ចក្រកម្ពុជា ហៅកាត់ថា “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន”។ គោលបំណង នៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឱ្យ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួនសំដៅការពារផល “ ប្រយោជន៍រួមរបស់សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធនធានតាមច្បាប់សម្រាប់សមាជិក របស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សាពិគ្រោះយោបល់លើការរៀបចំគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ របស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។ ជាពិសេសរាជរដ្ឋាភិបាលយល់ឃើញថា៖ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ នឹងដើរតួនាទីសំខាន់ដូចសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានដែរ។
លោកបន្ថែមថា ដើម្បីសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ក្នុងទស្សនវិស័យនៃកម្មវិធីជាតិ
សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី៣ ដល់ឆ្នាំ ២០៥០ គឺតែងតែមានការចូលរួមពិភាក្សាពិគ្រោះយោបល់ និងអនុវត្តសកម្មភាពរបស់ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។ នៅក្នុងសមាសភាព ចំនួន ៥ នៃកម្មវិធីជាតិ ដំណាក់កាលទី២ គឺសមាសភាពទី១ ផ្តោតលើការដឹកនាំ និងការគ្រប់គ្រងការងារកំណែទម្រង់ ដែលកិច្ចការជាអាទិភាពមួយ គឺការពង្រឹង និងគាំទ្រដល់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ នៃភាពជាតំណាងឱ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិនៅទូទាំងប្រទេស សម្រាប់ផ្ដល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ ស្របច្បាប់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីជម្រុញការងារកំណែទម្រង់នេះ អនុគណៈ
កម្មាធិការចំណុះគ.ជ.អ.ប ចំនួន ៥ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១១១ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដែលអនុគណៈកម្មាធិការនីមួយៗមានសមាភាពចំនួន ៧ រូប ក្នុងនោះតំណាងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ២ រូប ជាសមាជិក។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលស្គាល់ និងតែងតែគាំទ្រជានិច្ចនូវ ការបំពេញ បេសកកម្មរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ ក្នុងការកសាងសមត្ថភាព ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ដើម្បីក្លាយជាស្ថាប័នតំណាងពិតប្រាកដរបស់ពលរដ្ឋ និងឆ្លើយ តបចំពោះសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខណ្ឌ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នា របស់ថា្នក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ តាំងពី ឆ្នាំទី១ រហូតដល់ពេលនេះ និងនាំមកនូវសមិទ្ធផលចម្បងៗជូនដល់សមាជិកក្រុមប្រឹក្សា ខណ្ឌ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និង សមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់។ នៅពេលបន្តិចទៀតនេះ វគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាល ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី។
ក្នុងន័យនេះ លោកអភិបាលរងខណ្ឌបានលើកទឹកចិត្តចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា សមាគម និងអ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ មេត្តាយកចិត្តទុក ដាក់ស្ដាប់សម្រាប់ជាចំណេះដឹង និងចូលរួមជាមតិ ដើម្បីឱ្យសមាគមបំពេញតួនាទីឱ្យកាន់ តែសកម្មប្រកបដោយឯករាជ្យភាព ស័ក្តិសមជាអង្គការដៃគូ ក្នុងការតស៊ូមតិ ពិភាក្សា និង ផ្តល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ខណ្ឌ សង្កាត់ ៕


