មន្ត្រីជាន់ខ្ពស់អគ្គលេខាធិការគណៈវិស្វករកម្ពុជា បើកវគ្គបណ្តុះបណ្តាល ស្តីពី “អធិការកិច្ចវិស្វកម្មអាស៊ាន” ដើម្បីពង្រឹង ពង្រីកសមត្ថភាព និងគុណភាពនៃការប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករកម្ពុជាឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៃក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ សហការជាមួយក្រសួងរ៉ែ និង ថាមពល និងលេខាធិការដ្ឋាននៃស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “អធិការកិច្ចវិស្វកម្មអាស៊ាន”ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងគុណភាពនៃការប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករកម្ពុជាឱ្យកាន់តែល្អប្រសើរ ក្នុងយុគសម័យនៃការវិវត្តបច្ចេកវិទ្យា និង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងឱ្យកាន់តែល្អប្រសើរឡើង ពិសេសគឺជាឱកាសត្រៀមលក្ខណៈសម្បត្តិពេញលេញសម្រាប់ការធ្វើសមាហរណកម្មសេវាវិស្វកម្មក្នុងតំបន់អាស៊ាន និងសកលភាវូនីយកម្ម។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី “អធិការកិច្ចវិស្វកម្មអាស៊ាន” នៅសាលសន្និសីទអគ្គនាយកដ្ឋានប្រេងកាត ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យអនុវត្តស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម ក៏ដូចជាកាពង្រឹងគុណភាព និងសមត្ថភាពវិស្វករ ដែល ជាសសរស្តម្ភដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។
ឯកឧត្តម ចាន់ សុដាវ៉ាត រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាសឱ្យរិស្វករចុះបញ្ជីទាំងអស់អាចបង្កើននូវចំណេះដឹង នឹងបទពិសោធន៍ តាមរយៈបទឧទ្ទេសនាមផ្សេងៗនាពេលនេះ ដោយវាគ្មិនជំនាញមក ពីបណ្ដាប្រទេសក្នុងអាស៊ានរួមមាន កម្ពុជា ហ្វីលីពីន និងម៉ាឡេស៊ី ជាពិសេសបណ្តាប្រទេសអាស៊ាន ក្នុងការពិនិត្យលទ្ធភាពផ្តល់គម្រោងកិច្ចសហប្រតិបត្តិការស្តង់ដារបច្ចេកទេស និងគម្រោងបណ្តុះបណ្តាលពាក់ព័ន្ធមកកម្ពុជាឱ្យបានច្រើនដើម្បីជួយដល់មន្ត្រីជំនាញកម្ពុជាឱ្យមានជំនាញវិជ្ជាជីវៈខ្ពស់ មានគុណភាព និងអាចប្រកួតប្រជែងបាន។
ឯកឧត្តមបន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ពិតជាមានសារៈសំខាន់ណាស់ដែលនឹងចូលរួមចំណែកបង្កើនសមត្ថភាពជំនាញ និងផ្តល់បទពិសោធថ្មីៗតាមរយៈការចែករំលែកប្រធានបទជាច្រើន ជាក់ស្ដែងនាពេលនេះ គឺដើម្បីពិនិត្យទៅលើរបៀបវារៈនៃប្រធានបទជាច្រើន ដែលត្រូវចូលរួមសិក្សា និងពិភាក្សារួមគ្នាគឺ៖ វិធីសាស្ដ្រការការពារចរន្តជ្រាប និងតង់ស្យុងលើសក្នុងប្រព័ន្ធអគ្គិសនី ការដំឡើងប្រព័ន្ធអគ្គិសនីតាមអគារ និងលំនៅឋាន ទិដ្ឋភាពទូទៅនៃស្តង់ដារ និងបទប្បញ្ញត្តិផលិតកម្មអាស៊ានក៏ដូចជាការបញ្ចូលគ្នានៃសៀវភៅណែនាំត្រួតពិនិត្យឡចំហាយក្នុងបណ្ដាប្រទេសអាស៊ានជូនវិស្វករចុះបញ្ជីដែលបានបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់របស់គណៈវិស្វករកម្ពុជាជាដើម៕

