ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ចូលរួមកិច្ចពិភាក្សាថ្នាក់តំបន់ របស់ក្រុមការងារអាដហុក ជាមួយដៃគូពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា នាថ្ងៃទី២៧ ខែសីហានេះ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចពិភាក្សាថ្នាក់តំបន់របស់ក្រុមការងារអាដហុកជាមួយដៃគូពាក់ព័ន្ធ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចពិភាក្សានេះមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ទាំង១០ប្រទេសសមាជិក លេខាធិការអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសទីម័រឡេសស្តេ ដៃគូសន្ទនាអាស៊ាន (រួមមាន៖ អូស្រ្តាលី កាណាដា ចិន សហគមន៍អឺរ៉ុប ឥណ្ឌា ជប៉ុន ញ៉ូហ្សៀលែន សាធារណរដ្ឋកូរ៉េ រុស្សី អង់គ្លេស និងសហរដ្ឋអាមេរិក) និងដៃគូខាងក្រៅអាស៊ាន (រួមមាន៖ ប្រេស៊ីល ម៉ារ៉ុក ន័រវេស ប៉ាគីស្ថាន អាហ្រ្វិកខាងត្បូង ស្វីស តួគី អារ៉ាប់រួម ជប៉ុន ឈីលី បារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ ប៉េរូ អង្គការ ILO អង្គការ IOM អង្គការយូណេស្កូ និងអង្គការ UNOCHA)។
កិច្ចពិភាក្សានេះ មានគោលបំណងប្រមូលធាតុចូលពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ដៃគូសន្ទនាអាស៊ាន និងដៃគូខាងក្រៅអាស៊ាន ស្តីពីផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៤ រួមមាន៖ (១). ការគូសបញ្ជាក់ពីអនាគតអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន (២). ការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ (៣). ការពង្រឹងទំនាក់ទំនង និងការចូលរួមជាសាធារណៈ និង (៤). ការពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥។
តបតាមការអញ្ជើញរបស់ក្រុមការងារអាដហុក ដើម្បីអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី បានផ្តល់ធាតុចូលរួមមាន៖
(១). ដើម្បីបញ្ជាក់ឱ្យឃើញថាផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ អាចសម្រេចបានស្របតាមគោលបំណង អនុវិស័យទាំងអស់គប្បីរៀបចំផែនការសកម្មភាព ស្របតាមចំណុចអាទិភាពក្នុងការអភិវឌ្ឍប្រទេស ឈានទៅរកសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ច។ ភាពជាម្ចាស់របស់អនុវិស័យដឹកនាំ (Leading Bodies) និងអនុវិស័យគាំទ្រ (Supporting Bodies) ក្នុងផែនការនេះ ពិតជាមានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាវិសមភាពយែនឌ័រ ពលករចំណាកស្រុក ការអប់រំដើម្បីទាំងអស់គ្នា ជនជាតិភាគតិច និងការបង្កើនការយកចិត្តទុកដាក់លើមនុស្សចាស់ ជនងាយរងគ្រោះ និងជនមានពិការភាព ជាមួយការបញ្ចូលគោលដៅយុទ្ធសាស្ត្រ គោលបំណង និងសកម្មភាពយុទ្ធសាស្ត្រទាំងអស់ទៅក្នុងការអនុវត្តជាក់ស្តែងឈានទៅរកលទ្ធផល។
(២). ការលើកកម្ពស់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ ការពង្រឹងទំនាក់ទំនង និងការចូលរួមជាសាធារណៈគឺជាគន្លឹះក្នុងការអភិវឌ្ឍ និងឈានទៅសម្រេចបានលទ្ធផលនៃផែនការយុទ្ធសាស្ត្រនេះ។ ជាមួយគ្នានេះដែរ ការពង្រឹងចំណងទ្វេភាគី និងពហុភាគីទាំងកម្រិតតំបន់ អង្គការជាតិនិងអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ នឹងជួយបង្កើនឱកាសអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងអាស៊ានទាំងមូល។ ទន្ទឹមនឹងនេះ ប្រទេសជាសមាជិកអាស៊ានគប្បីមានយុទ្ធសាស្ត្រអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូថែមមួយកម្រិតទៀត ដែលជួយពង្រឹងកិច្ចសហប្រតិបត្តិការ ប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានពាក់ព័ន្ធ និងលទ្ធភាពក្នុងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធផល។
(៣). ដើម្បីធានាបាននូវការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព ចំណុចអាទិភាពចំនួន៥ គួរតែត្រូវបានអនុវត្ត៖
ជំរុញអនុវិស័យនីមួយៗឱ្យបញ្ចូលវិធានយុទ្ធសាស្ត្រ ជាមួយគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីមានថវិកាគាំទ្រ យន្តការច្បាស់លាស់ និងធនធានមនុស្សគ្រប់គ្រាន់ក្នុងការអនុវត្តសកម្មភាពទាំងនេះ។
-លេខាធិការដ្ឋានសហគមន៍សង្គម-វប្បធម៌អាស៊ានក្នុងប្រទេសសមាជិកអាស៊ាន គប្បីពង្រឹងតួនាទីរបស់ខ្លួន ក្នុងការចែករំលែកព័ត៌មាន និងវឌ្ឍនភាពទៅអនុវិស័យពាក់ព័ន្ធទាំង១៥ ដោយដើរតួនាទីជាអ្នកសម្រសម្រួល និងគាំទ្រការអនុវត្តផែនការសកម្មភាព។
-រៀបចំកិច្ចប្រជុំទៀងទាត់ ដែលផ្តល់ឱ្យកាសឱ្យអនុវិស័យទាំង១៥ ចែករំលែកព័ត៌មាន វឌ្ឈនភាព និងបញ្ហាប្រឈមក្នុងវិស័យនីមួយៗ ក៏ដូចជាការកៀរគរធនធានហិរញ្ញវត្ថុ ការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងការកសាងសមត្ថភាពជនបង្គោលតាមអនុវិស័យនីមួយៗ ពិសេសការដោះស្រាយបញ្ហាឆ្លងវិស័យ និងសរសរស្តម្ភ។
-សហគមន៍សង្គម-វប្បធម៌អាស៊ាន និងវិស័យទាំង១៥ គប្បីបន្តអនុវត្តការងារយ៉ាងស្អិតរមួតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំផែនការដៃគូអភិវឌ្ឍ និងអនុវត្តសកម្មភាពយុទ្ធសាស្ត្រផែនការសកម្មភាព៥ឆ្នាំ និងជាបន្តបន្ទាប់
-លេខាធិការដ្ឋានអាស៊ានគប្បីផ្តល់មូលដ្ឋានជាក់លាក់ ស្តីពីភាពជាដៃគូអភិវឌ្ឍសម្រាប់អនុវិស័យនីមួយៗ រៀបចំកិច្ចពិភាក្សាកម្រិតប្រទេស ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រសង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ និងរៀបចំយន្តការពិនិត្យ តាមដាន និងវាយតម្លៃ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

