មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី2បើកជាផ្លូវការហើយនៅរោងភាពយន្តLegend នៃផ្សារទំនើបអូឡាំព្យា

ភ្នំពេញ៖ មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី2បានបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យារាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។
ប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះ លោកMalcolm Clarke ប្រធានមហោស្រពភាពយន្តអាស៊ីលើកទី២នៅកម្ពុជាបានបង្ហាញការសប្បាយរីករាយដែលបានចូលរួមកម្មវិធីនេះ ព្រោះវាបានផ្តល់ឱកាសក្នុងការ ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្តកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត។
លោកបន្តថា បន្ទាប់ពីយើងបានរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ីនេះចំនួនពីរលើករួចមកធ្វើឱ្យប្រទេសក្នុងតំបន់អ៊ឺរ៉ុបមានការចាប់អារម្មណ៍ច្រើនលើវិស័យភាពយន្តរបស់យើង។ តាមរយៈព្រឹត្តិការណ៍នេះដែរ ប្រទេសចិនបានចាប់អារម្មណ៍ខ្លាំង ខណៈដែលប្រទេសចិនជាទីផ្សារធំសម្រាប់វិស័យភាពយន្តកម្ពុជា ពេលដែលយើងវាយលុកទីផ្សារប្រទេសចិនមួយ គឺប្រទេសអាស៊ីទាំងមូលគេនឹងអាចយល់ដឹងពីភាពយន្តកម្ពុជាដូចគ្នា។ ជាមួយគ្នានេះ លោកចែករំលែកបទពិសោធន៍ថា ការផលិតភាពយន្តនីមួយៗគឺផលិតករទាំងអស់ត្រូវតែយល់ពីទឹកចិត្ត ពីបេះដូង របស់ទស្សនិកជន។
បើតាមមន្ត្រីក្រសួងវប្បធម៌ ការរៀបចំកម្មវិធី “មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២” គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដែលមិនត្រឹមតែជាវេទិកាសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនីប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើនតាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។
សូមបញ្ជាក់ថាមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២នេះ គឺមានការសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ។
យោងតាមការគ្រោងទុក មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី2មានការចាក់បញ្ចាំងភាពយន្តចូលរួមប្រកួតនៅតាមរោងភាពយន្តសហការមួយចំនួនចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៥ ខែសីហា។
ដោយឡែកពិធីចែកពានរង្វាន់‘មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២នេះ នឹងរៀបចំនាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅសាលសន្និបាត PH Grand Hall ក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

