ឯកឧត្តម វ៉ាន់ ដារ៉ា នាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៧គ្រួសារ រស់នៅឃុំតានី

ភ្នំពេញ៖ ប្រជាពលរដ្ឋ៧គ្រួសារ រស់នៅឃុំតានី ស្រុកអង្គរជ័យខេត្តកំពត ដែលមានជីវភាពខ្វះខាត បានទទួលអំណោយពី ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសឯកឧត្តមអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលទោះបីជាសម្តេចទាំងបីរវល់យ៉ាងណាក្តី សម្តេចក៏តែងតែផ្តាំផ្ញើការសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។
ឯកឧត្តម បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិ-ឃុំ-ស្រុក អំពីប្រជាពលរដ្ឋមានជីវភាពខ្វះខាត ឯកឧត្តម បានចុះមកដោយផ្ទាល់ និងបាននាំយកនូវអំណោយមួយចំនួន ដើម្បីជួយដោះស្រាយ និងសម្រួលការខ្វះខាតចំពោះមុខ ជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនប្រជាពលរដ្ឋចំនួន៧គ្រួសារ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ និងថវិកាមួយចំនួនផងដែរ៕

