វឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបាន ៦,៧០%

ភ្នំពេញ៖ នាថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និង ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន PPPP JV T.C.M។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងផែនការសកម្មភាពនៅខែសីហា ព្រមទាំងពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងគម្រោង។
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ វឌ្ឍនភាពការអនុវត្តគម្រោង សម្រេចលទ្ធផលការងារបានប្រមាណ ៦,៧០% លឿនជាងផែនការ ៣,៩២% ៕

