គម្រោងអភិវឌ្ឍន៍មូលនីធិឃុំជាំក្រវៀន និងឃុំជាំតាម៉ៅ លើការសាងសង់ផ្លូវ ២ខ្សែ ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ នៅសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំដំណើរការដាក់ដេញថ្លៃ ជាសាធារណៈនូវគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ គម្រោង ក្នុងឃុំជាំក្រវៀន និងសាងសង់ផ្លូវក្រាលគ្រួសក្រហម ចំនួន ១ គម្រោង ក្នុងឃុំជាំតាម៉ៅ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋផ្ទាល់ នៅក្នុងមូលដ្ឋានស្រុកមេមត់ ហើយដំណើការ នៃការដេញថ្លៃនេះ បានប្រព្រឹត្តទៅដោយមានសណ្តាប់ល្អ ដំណើរការយ៉ាងរលូន និងមានតម្លាភាព ក្រោមវត្តមានលោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ មិត ផល្លី នាយករងទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្ត លោកមេឃុំជាំក្រវៀន លោកមេឃុំជាំតាម៉ៅ និងគណៈកម្មាការឃុំ មន្រ្តីបច្ចេកទេសស្រុក ព្រមទាំងបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវ និងអ្នកសារព័ត៌មានចូលរួមផងដែរ។
ក្នុងកិច្ចដំណើការដាក់ឲ្យដេញថ្លៃនាឱកាសនោះ លោក ស្រេង លី អភិបាលស្រុក បានមានប្រសាសន៏សង្កត់ធ្ងន់ថា នៅរាល់ដំណើរការ នៃការដាក់ដេញថ្លៃជាសាធារណៈនេះ ចាំបាច់ត្រូវអនុវត្តន៍គោរពតាមគោលការណ៍ អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព និងលុបបំបាត់ ឱ្យខានតែបាន ជៀសវាងការឃុបឃិតគ្នា ក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជា កញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។
បន្ទាប់ពីបានដំណើរការ ដាក់ឯកសារសំណើដេញថ្លៃ ដែលបានអនុវត្តន៍គោរពតាមគោលការណ៏ត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ រួចមក លោក ស្រេង លី ក៏បានលើកឡើងថា តាមទិដ្ឋភាព និងសកម្មភាពជាក់ស្តែង នាពេលនេះ អ្នកចូលរួម ក៏ដូចជាតំណាងក្រុមហ៊ុន ចូលរួមដេញថ្លៃទាំងអស់ រក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងគោរពតាមនិតិវិធី ផ្សេងៗ របស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ហើយបានប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ ប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់ ស្របតាមលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម និងអ្នកចូលរួមទាំងអស់យល់ព្រមទទួលយកគម្រោង ។
បន្ថែមលើនេះ លោក ស្រេង លី បានជម្រុញដល់តំណាងក្រុមហ៊ុន ដែលទទួលបានសិទ្ធទទួលការទាំង២ ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូរអង្វែង ។
គូសបញ្ជាក់ថា ៖ ជាលទ្ធផល ការដេញថ្លៃនៃគម្រោងមូលនីធិអភិវឌ្ឍឃុំ ទាំង ២ រួមមាន គម្រោង ទី១ ឃុំជាំក្រវៀន គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១៣០ ម៉ែត្រ និងសាងសង់ លូ ចំនួន ២កន្លែង បានទៅលើក្រុមហ៊ុនទទួលការ លី ឈួន អ្នកដេញថ្លៃ លោក លី ឈួន និងគម្រោងទី២ គម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង ១៣៥ ម៉ែត្រ និងលូមូលភ្លោះ ចំនួន ១កន្លែង បានទៅលើក្រុមហ៊ុនទទួលការ ហួត ឆៃលីម អ្នកដេញថ្លៃ លោក ហួត ឆៃលីម សរុប ឯកសារដាក់ដេញថ្លៃ(ប៊ីត)ទាំងអស់ មានចំនួន ៩ ផងដែរ ៕

