សិក្ខាកាមយោធិន សិក្សាវគ្គបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម នៅកងពលតូចអន្តរាគមន៍លេខ១ បានបញ្ចប់វគ្គហ្វឹកហ្វឺនដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មជំនាន់ទី២៤ នៅកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក និងវត្តមានឯកឧត្តម បណ្ឌិត សួង ណយ អនុប្រធានគណៈ កម្មាធិការជាតិ ជម្រុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានសំដែងនូវការកោតសរសើរដល់គំនិតផ្តួចផ្តើម របស់ការិយាល័យអភិវឌ្ឍន៍ កងទ័ពជើងគោក ដែលបានរួមសហការជាមួយគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ក្រុមហ៊ុនស៊ីភី និងរួមសហការជាមួយកងពលតូចអន្តរាគមន៍លេខ១ រៀបចំឱ្យមានវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មនេះឡើង ក្នុងគោល បំណងពង្រីកសមត្ថភាពយល់ដឹងលើបច្ចេកទេសនានា សម្រាប់ជំនាញកសិកម្ម ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលតូច អន្តរាគមន៍លេខ១ ហើយដំណើរការបញ្ចប់វគ្គនាពេលនេះទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ជំនួសមុខឱ្យឯកឧត្តម នាយឧត្តសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ដែលបានប្រារព្ធពិធីបិទនាឱកាសនេះ ថាជាលទ្ធផល ប្រកបដោយផ្លែផ្កា និងផលវិជ្ជមាន ទៅតាមការរំពឹងទុក និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយជារួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ១ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងចូលរួមអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាលអណត្តិទី៧ តំណាក់កាលទី១ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្រឆាំង នូវរាល់ឧបាយកលញុះញង់បំបែកបំបាក់ផ្ទៃក្នុង បំផ្លិចបំផ្លាញសន្តិភាព។ ត្រូវការពារឱ្យបាន ដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ត្រូវគោរពឱ្យបានម៉ឹងម៉ាត់ច្បាប់នានា របស់រដ្ឋ ច្បាប់លក្ខន្តិកៈ និងបទវិន័យ ទូទៅ បទបញ្ជា នៃកងយោធពលខេមរភូមិន្ទ ឱ្យបានភ្ជាប់ភ្ជួន។ ត្រូវយកចំណេះដឹងពីការសិក្សាទៅអនុវត្តន៍នៅអង្គភាពឱ្យមានប្រសិទ្ទភាពខ្ពស់។ ទន្ទឹមនោះដែរ យោធិនគ្រប់រូបត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមសហការ ទប់ស្កាត់ និងបង្រាបការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ឱ្យបានម៉ឺងម៉ាត់៕

