ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសំណេះសំណាល និងចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ

ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ នាថ្ងៃទី២៥ កក្កដានេះ បានអញ្ជើញចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាលជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក។
ក្នុងឱកាសនោះដែរ ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន ៖ អង្ករ ១តោន មី ២០កេសធំ ត្រីខកំប៉ុង ២០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើគ្រប់មុខ ២០កេស ទឹកបរិសុទ្ធ ៤០កេស និងថវិកា ២ម៉ឺនដុល្លារ ប្រគល់ជូនដល់ទីបញ្ជាការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការ ចំនួន ២២០នាក់ ដោយក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ។
សូមបញ្ចាក់ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន កម្លាំងប្រតិបត្តិការក្រោមទឹក និងចុះត្រួតពិនិត្យការដ្ឋាន បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ បានបោសសម្អាតលើផ្ទៃដីចំនួន ៨០.២០ហិតា ស្មើ ២៩.៩% ចំនួន គ្រាប់ បំណែកនាវា និងអំបែង ដែលស្រង់បានរួមមាន៖ គ្រាប់មីន ចំនួន២៤.៦០៤ គ្រាប់ ដោះបន្សាប ៨.២៤៦ គ្រាប់ បានកម្ទេចចោល ១៣,០៣៧ គ្រាប់ រកឃើញបំណែកនាវា និងអំបែង ២៥.៨ តោន។ សរុបគិតទាំងមីនគ្រាប់ បំណែកនាវា និងអំបែង ដែលស្រង់បានមានចំនួន ២៣៣.៨តោន។

