ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំ និងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិលស្ថិតក្នុងខេត្តសៀមរាប គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ និងគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម លោក ផាង វី បានគូសបញ្ជាក់ឱ្យដឹងថា ការអនុវត្តគម្រោងថែទាំជាប្រចាំ និងថែទាំខួបនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ គឺដើម្បីធានាបាននូវនិរន្ដរភាព និងប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្រ្ដ។
ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តស្ពានស្រែងត្រពាំងអំបិលដែលកសាងតាំងពីឆ្នាំ១៩៧៧ ស្ថិតនៅឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្ត្រនេះបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងស្ទឹងស្រែង ដែលរួមមានទំនប់ចំនួន ១ខ្សែប្រវែង ៤០០០ម៉ែត្រ និងប្រទ្បាយមេចំនួន ១ខ្សែប្រវែង ៧៨៥០ម៉ែត្រ។
បើតាមលោកប្រធាននាយកដ្ឋានបានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តស្ពានស្រែងត្រពាំងអំបិលមានសក្តានុពលផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីរដូវវស្សាចំនួន ៥៣០៣ហិកតា និងរដូវប្រាំងចំនួន ៣៥០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ៣៥ហិកតា។
ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យវឌ្ឍនភាពគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ប្រព័ន្ធនេះគ្របដណ្តប់លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងតម្រូវការប្រើប្រាស់ទឹកសម្រាប់វិស័យផ្សេងៗទៀត។
លោក ផាង វី បានបញ្ជាក់ថា ទឹកស្ទឹងស្រែងឆ្លងកាត់តំបន់គម្រោងពីទិសខាងជើងទៅទិសខាងត្បូង ហើយបែងចែកជា ២ផ្នែក តាមប្រឡាយមេ ២ខ្សែ និងទំនប់សណ្ដស្ទឹង ១ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេធំខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកមកស្រោចស្រពលើផ្ទៃដី ១២០០០ ហិកតា ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រឡាយមេធំខាងលិច មានប្រវែង ៤២៩៦៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងអាងស្តុកទឹកឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមកស្រោចស្រពលើផ្ទៃដី ១៣០០០ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងថ្ងៃដដែល ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រទំនប់លោកដែល ស្ថិតនៅក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ប្រព័ន្ធធារាសាស្រ្តនេះបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគធំទៀតគឺមកពីជួរភ្នំដងរែកតាមអូរធម្មជាតិ។ ប្រព័ន្ធនេះរួមមានទំនប់ចំនួន ២ខ្សែប្រវែង ៣៣០០ម៉ែត្រ និងប្រទ្បាយមេចំនួន ២ខ្សែ ប្រវែង ៥១៨០ម៉ែត្រ។
ប្រព័ន្ធធារាសាស្រ្តទំនប់លោកមានសមត្ថភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលបាន ២ដង ក្នុង១ឆ្នាំដោយស្រោចស្រពលើផ្ទៃដីរដូវវស្សាចំនួន ៨៨១ហិកតា និងរដូវប្រាំងចំនួន ២៥០ហិកតា ព្រមទាំងដំណាំរួមផ្សំបានចំនួន ៣០ហិកតា មានប្រជាពលរដ្ឋទទួលផលចំនួន ៩៥៣គ្រួសារ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ លោកប្រធាននាយកដ្ឋានបានផ្ដាំផ្ញើដល់មន្ត្រីប្រចាំការនៅតាមសំណង់ស្ទាក់ទឹកទាំងអស់ត្រូវមានជាសៀវភៅកត់ត្រាប្រចាំថ្ងៃ និងសូមយកចិត្តទុកដាក់ខ្ពស់ក្នុងការកត់ត្រានូវកម្ពស់ទឹកជាប្រចាំសម្រាប់ការបិទបើកទ្វារទឹក ដើម្បីគ្រប់គ្រងកម្ពស់ទឹក ជៀសវាងទឹកឡើងគំហុកខ្លាំងដោយមិនបានជាដឹងមុន ៕

