តំបន់ប្រតិបត្តិការសករងឧត្តរមានជ័យ យោធភូមិភាគទី៤ បើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែងបំប៉នជំនាញយុទ្ធវិធី ថ្មើរជើងថ្នាក់ពួក ក្រុម កងអនុសេនាតូច
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែងបំប៉នយុទ្ធវិធីថ្នាក់ពួក ក្រុម កងអនុសេនាតូចតាមបណ្ដាកងឯកភាព ចំណុះ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ យោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។
លោកវរសេនីយ៍ឯក ប៉ាង ពុធ មេបញ្ជាការរង ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឡើងអានមតិស្វាគមន៍ និង របាយការណ៍ស្តីអំពីផែនការហ្វឹកហ្វឺនដល់អង្គពិធីទាំងមូល បានជ្រាប។ គួរបញ្ជាក់ផងដែរថា ហ្វឹកហ្វឺននាពេលនេះមានរយៈ ៩១ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាម ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ខិតខំប្រឹងប្រែង គោរពវិន័យ គោរពពេលវេលារៀនសូត្រ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ ត្រូវត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាម ទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ពិសេសមេបញ្ជាការ លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងកម្លាំង បណ្តុះបណ្ដាលសមត្ថភាព ចំណេះដឹងពិតប្រាកដ និងការងារជំនាញបច្ចេកទេសគ្រប់គ្រងអាវុធគ្រាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ត្រូវសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរដែនដី ចូលរួមបង្ក្រាបរាល់បទល្មើសផ្សេងៗក្នុងភូមិសាស្ត្រអង្គភាពទទួលខុសត្រូវ៕

