គ្រឿងញៀនជិត ២តោន បង្ក្រាបបាននាពេលកន្លងមកនៅខេត្តព្រះសីហនុ នឹងត្រៀមដុតកម្ទេចចោល នៅពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមជាមួយអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងសមត្ថកិច្ចចម្រុះខេត្ដ កាលពីពេលថ្មីៗនេះ បានត្រួតពិនិត្យគ្រឿងញៀនជិត ២តោន ដែលបង្ក្រាបបាននាពេលកន្លងមក មុននឹងយកទៅដុតកម្ទេចចោល នាពេលឆាប់ៗខាងមុខនេះ នៅក្នុងខេត្ដព្រះសីហនុ។
សកម្មភាពបង្ហាញត្រួតពិនិត្យតាមនិតិវិធីនេះ ធ្វើឡើងនៅសាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមានលោក សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ក្នុងនោះព្រមទាំងមានតំណាងកងកម្លាំង មានសមត្ថកិច្ចរួមមាន៖ នគរបាល កងរាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។ វត្ថុតាងគ្រឿងញៀនទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោល ជាសាធារណៈមុខមហាជនឆាប់ៗខាងមុខនេះ។
សូមជម្រាបថា នាពេលកន្លងមក កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានក្រុមឧក្រិដ្ឋជន និងវត្ថុតាងគ្រឿងញៀនជាច្រើន បញ្ជូនទៅតុលាការ៕

