មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម នៅទីបញ្ជាការតំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ស៊ុន សុផាន់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម នៅទីបញ្ជាការតំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពតំបន់អភិវឌ្ឍន៍។
ក្នុងឱកាសនោះ លោកមេបញ្ជាការ បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះការងារកសិកម្ម និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេសកសិកម្ម និងបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសម្រាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ លោកមេបញ្ជាការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ខិតខំប្រឹងប្រែង គោរពវិន័យ គោរពពេលវេលារៀនសូត្រ មានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ ត្រូវត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាម ទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ៕

