សម្តេចធិបតី៖ ខ្ញុំត្រូវការមនុស្សនៅក្បែរ ជាបុគ្គលមានការច្នៃប្រឌិតថ្មីៗ ដើម្បីជួយធ្វើការងារ ជួយឱ្យប្រទេសជាតិរីកចម្រើន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាមនុស្សដែលមានសមត្ថភាព មានឆន្ទៈ និងមានការច្នៃប្រឌិតថ្មីៗ ដើម្បីជួយធ្វើការងារ ជួយឱ្យប្រទេសជាតិរីកចម្រើនបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខ្ញុំក៏ធ្លាប់ធ្វើការឱ្យថ្នាក់លើ ហើយខ្ញុំក៏មានជំនួយការខ្ញុំខ្លះ ជំនួយការខ្ញុំខ្លះសមត្ថភាពគាត់មាន ឆន្ទៈគាត់មាន ប៉ុន្តែអ្នកខ្លះខ្លាចនៅលើគំនិតថ្មី, ប៉ុន្តែអ្នកខ្លះធ្វើគាត់ផ្តល់ឱ្យខ្ញុំ ខ្ញុំដាក់ទៅមួយ គាត់ប្រាប់មកវិញ មានពីរ មានបី ខ្ញុំរើសមួយ ហើយអ្នកនេះហើយដែលខ្ញុំចង់បាន កុំឱ្យខ្ញុំគិតរហូត ជាពិសេសការងារតូចៗ ព្រោះខ្ញុំត្រូវគិតការងារធំៗ ខ្ញុំអត់ត្រូវគិតការងារតូចៗទៀតនោះទេ។
សម្តេចធិបតី បានបន្តថា បុគ្គលមានការច្នៃប្រឌិត គឺជាមនុស្សដែលសម្តេចចង់បាន ហើយបើមានអ្នកខ្លះមានច្នៃប្រឌិតដែរ តែចេះតែខ្លាចនេះ ខ្លាចនោះ គឺមិនទៅមុខរួចទេ គឺត្រូវតែចេះជួយគ្នា ផ្តល់យោបល់ឱ្យគ្នា ចេះគាំទ្រគ្នា ទើបអាចបន្តដំណើរទៅមុខរួចបាន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូប យកអ្វីដែលបានរៀនពីក្រៅយកទៅអនុវត្តនៅកន្លែងធ្វើការ និងបង្កើតជាគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីធ្វើការប្រកួតប្រជែង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្ថាប័ននីមួយៗ លើកទឹកចិត្តក្នុងការបើកច្រកឱ្យមានការជួយគិតជួយធ្វើ ដើម្បីរួមគ្នាជួយអភិវឌ្ឍ ហើយដើម្បីឱ្យមានការជ្រៀតចូលនិងទាញប្រយោជន៍ជួយដល់សង្គម គឺត្រូវមានកាធ្វើនវានុវត្តន៍ និងការវិវឌ្ឍន៍ជាប្រចាំផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលដ្ឋានធនធានមនុស្សគឺត្រូវមានការភាពរស់រវើក កុំជាមនុស្សទឹកកក ហើយភាពរស់រវើកនោះទៀត គឺត្រូវមានទាំងភាពជឿជាក់ និងភាពក្លាហាន ទើបជួយឱ្យប្រទេសយើងអាចរីកចម្រើនបាន ៕

