ឯកឧត្ដមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅអាមេរិក

អាមេរិក៖ តបតាមការអញ្ជើញរបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកឧត្ដមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Sara Minakara ទីប្រឹក្សាពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិជនមានពិការភាព ដើម្បីជជែកពីការពង្រឹងសិទ្ធិជនមានពិការភាពនៅទូទាំងអាស៊ាន។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការជំរុញឱកាសស្មើគ្នា និងបង្កើនការទទួលបានសិទ្ធិកាន់តែទូលំទូលាយសម្រាប់ជនដែលមានពិការភាព។
ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Kurt Campbell អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពដ៏ស្វាហាប់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ហើយបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍ និងការព្រួយបារម្ភទៅវិញទៅមក។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីការគាំទ្រប្រទេសឡាវ ដែលជាប្រធានអាស៊ាននៅឆ្នាំនេះផងដែរ។
ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Anne Neuberger អនុប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីក កិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត និងបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗជាដើម។
នារសៀលថ្ងៃដដែល ឯកឧត្ដមបណ្ឌិតបានជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ នៅក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការ ស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន និងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក។ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណ ចំពោះតួនាទីដ៏សំខាន់របស់គណៈកម្មាធិការនេះ ក្នុងការជួយជំរុញភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។
ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានជួបជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក។ នៅក្នុងឱកាសនោះ លោកស្រីអនុប្រធានធនាគារពិភពលោក បានជម្រាបជូនឯកឧត្ដមបណ្ឌិតអគ្គលេខាធិការអាស៊ានអំពីគំនិតផ្តួចផ្តើមនានារបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការផ្លាស់ប្តូរថាមពល សន្តិសុខវាក់សាំង និងការធ្វើបរិវត្តកម្មឌីជីថលជាដើម។ ភាគីទាំងពីរបានក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកំពុងបន្តរវាងអាស៊ាន និងធនាគារពិភពលោក ព្រមទាំងបានរិះរកវិស័យថ្មីៗដែលជាធ្វើកិច្ចសហការជាមួយគ្នាបាន។
នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាមួយទល់នឹងមួយជាមួយលោកបណ្ឌិត Suriya Chindawongse ឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មកស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍ និងជាកង្វល់របស់អាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សារកគំនិតថ្មីៗ ដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក កាន់តែមានអត្ថន័យថែមទៀត៕
