និយ័តករសន្តិសុខសង្គម ជូនដំណឹងពីវឌ្ឍនភាពនៃការចុះកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាង ប.ប.ស និងមូលដ្ឋានសុខាភិបាលឯកជន

ភ្នំពេញ៖ និយ័តករសន្តិសុខសង្គម (ន.ស.ស.) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីវឌ្ឍនភាពនៃការចុះកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាង ប.ប.ស និងមូលដ្ឋានសុខាភិបាលឯកជន ។
និយ័តករសន្តិសុខសង្គម (ន.ស.ស.) បានឲ្យដឹងថា អនុឡោមតាមអនុក្រឹត្យលេខ ១៦០ អនក្រ បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ស្តីពី “និយ័តកម្មប្រព័ន្ធ សន្តិសុខសង្គម” និងបន្ទាប់ពីសេចក្តីសម្រេចលេខ ០០៤ អ.ស.ហ.ស.ស.រ ស្តីពី “ការកំណត់នីតិវិធី និងលក្ខខណ្ឌ តម្រូវនៃការស្នើសុំការឯកភាពរបស់ ន.ស.ស. ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន” ត្រូវបានដាក់ឱ្យអនុវត្តកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ, មូលដ្ឋានសុខាភិបាលឯកជនចំនួន ១០ ទទួលបានការឯកភាពពី និយ័តករសន្តិសុខសង្គម ដើម្បីអាចចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែល ជាស្ថាប័នប្រតិបត្តិករនៃប្រព័ន្ធសន្តិសុខសង្គម ក្នុងការផ្តល់សេវាសុខាភិបាល។
មូលដ្ឋានសុខាភិបាលឯកជនទាំង ១០ ដែលទទួលបានការឯកភាពពី ន.ស.ស. ក្នុងការចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. ដើម្បីផ្តល់សេវាសុខាភិបាលដោយស្របច្បាប់ ទៅតាមនីតិវិធីពេញលេញ មានបំពាក់ និមិត្តសញ្ញា “គាំពារសង្គមកម្ពុជា” ជាសម្គាល់។ ប.ស.ស. អាចផ្តល់ព័ត៌មានលម្អិតអំពីមូលដ្ឋានសុខាភិ បាលឯកជនទាំងនេះ ៕

