សម្តេចព្រះពោធិវ័ង្ស អំ លីមហេង និមន្តប្រកាសសនីយបត្រត្រាស់សម្រេចផ្តល់គោរម្យ៍ងារ ជូនពុទ្ធបរិស័ទ្ធដែលបានចូលរួមចំណែកអភិវឌ្ឍន៍សមិទ្ធផល នៃវិស័យព្រះពុទ្ធសាសនា

ភ្នំពេញ៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តប្រកាសសនីយបត្រ ត្រាស់សម្រេចផ្តល់គោរម្យ៍ងារ ជូនពុទ្ធបរិស័ទ ២រូប ដែលបានចូលរួមចំណែកអភិវឌ្ឍន៍សមិទ្ធផលនៃវិស័យព្រះពុទ្ធសាសនា និងការពារព្រះពុទ្ធសាសនាឱ្យនៅគង់វង្សយូរអង្វែង នៅមហាកុដិ វត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក រាជធានីភ្នំពេញ។
ពិធីនេះបានធ្វើឡើងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការនិមន្តចូលរួមពីសម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា, ព្រះមេត្តិសត្ថា វង្ស កុសល ព្រះគ្រូអនុគណស្រុករលាប្អៀរ, ព្រះគ្រូ ប៉ុន សោម ព្រះចៅអធិការ វត្តចំបុី, ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈកិត្តិយសនិងជាព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង, ព្រះមុនីរតនកោសល នាង ភារុន, ព្រះទេវមុនី សេង ដា, ព្រះគ្រូវិសុទ្ធិវង់ សាត វង់, ព្រះគ្រូ ឈុំ សំ និងព្រះគ្រូ សុធុយ ចូលរួមផងដែរ។
ក្នុងឱកាសនោះសម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា បានអានព្រះរាជប្រកាសនីយប័ត្ររបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជាត្រាស់សម្រេចដូចជា៖
១.ត្រូវបានផ្ដល់គោរម្យ៍ងារជូន លោកស្រី ទិត មាលា ជាចរណាភិរ័ក្ខសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
២.ត្រូវបានផ្ដល់គោរម្យ៍ងារជូនលោកស្រី មហាឧបាសិកា ទិត សុផាត ជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
មានសង្ឃដីការនាឱកាសនោះដែរ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង បានមានព្រះបន្ទូលថា ការផ្តល់គោរម្យ៍ងារ របស់គណៈសង្ឃពុទ្ធសាសនាកម្ពុជា ជូននាពេលនេះ គឺដើម្បីលេីកទឹកចិត្តដល់ពុទ្ធបរិស័ទ្ធដែលបានចូលរួមចំណែកអភិវឌ្ឍន៍សមិទ្ធផលនៃវិស័យព្រះពុទ្ធសាសន៍ និងការពារព្រះពុទ្ធសាសនាឱ្យនៅគង់វង្ស និង រីកចម្រើន ទទួលបានសមិទ្ធផលថ្មីៗថែមទៀតសម្រាប់ប្រជាពុទ្ធបរិស័ទជំនាន់ក្រោយបន្តគោរពបូជា ៕

