ឯកឧត្ដម អ៊ុង បូរាត បើក “សិក្ខាសាលាតម្រង់ទិស ស្តីពីការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូឆ្នាំ២០២៤” នៅវិទ្យាស្ថានជាតិអប់រំ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាតម្រង់ទិស ស្ដីពីការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូឆ្នាំ២០២៤” នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីអង្គភាពថ្នាក់កណ្ដាល មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត សរុបទាំងអស់ប្រមាណ ៥៥៥នាក់។
ឆ្លើយតបលើក្របខ័ណ្ឌកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំស្តង់ដាសាលារៀនគំរូ ដោយបែងចែកជា៥ស្តង់ដារួមមាន៖ ១. លទ្ធផលសិក្សារបស់សិស្ស ២. ដំណើរការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង៥. គណនេយ្យភាព ក្នុងការជួយឱ្យសាលារៀនប្រែក្លាយទៅជាសាលារៀនគំរូ ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកំណែទម្រង់ និងជាយន្តការក្នុងការផ្ដល់សន្ទុះបន្ថែមលើការអប់រំនៅកម្ពុជាឱ្យបន្តអភិវឌ្ឍ ធានាបាននូវគុណភាព សមត្ថភាព បរិយាបន្ន សីលធម៌ ការប្រកួតប្រជែង និងប្រកបដោយឧត្ដមភាព ប្រៀបធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ឆ្លើយតបនឹងបរិបទការអប់រំសតវត្សរ៍ទី២១។
សិក្ខាសាលាតម្រង់ទិស ក្នុងការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូ មានគោលបំណងក្នុងការតម្រង់ទិសយន្តការគាំទ្រសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សាឱ្យក្លាយជាសាលារៀនគំរូ ស្របតាមក្របខ័ណ្ឌកំណែទម្រង់វិស័យអប់រំ ដើម្បីផ្តល់នូវប្លង់គំនិតក្នុងការអនុវត្ត ឱ្យក្លាយជាសាលារៀនគំរូតាមរយៈការផ្តល់នូវគោលការណ៍ណែនាំ វិធីសាស្រ្ត ការបង្ហាញ កិច្ចគាំទ្រកម្មវិធីអភិវឌ្ឍសាលារៀន ការចូលរួមណែនាំ ការប្រតិបត្តិវិធីសាស្ត្រអនុវត្ត និងការលើកកម្ពស់ស្តង់ដានៃលទ្ធផលសិក្សារបស់សិស្ស ដំណើរការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើការប្រតិបត្តិ រដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។
ឯកឧត្ដម រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គភាពថ្នាក់កណ្ដាល មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំសិក្ខាសាលាតម្រង់ទិស ស្ដីពីការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូឆ្នាំ២០២៤៕

