ភ័យស្ទើរលោះព្រលឹង! បុរសម្នាក់ចុះពីលើរថយន្តហុចគ្រាប់បែកឱ្យសន្តិសុខកាន់លេង

ភ្នំពេញ៖ សន្តិសុខម្នាក់ភ័យស្ទើរលោះព្រលឹង បន្ទាប់ពីមានបុរសម្នាក់ចុះពីលើរថយន្ត ហុចគ្រាប់បែកដៃមួយគ្រាប់ឱ្យកាន់លេង ចុងក្រោយសមត្ថកិច្ចពិនិត្យទើបដឹងថាជារបស់ពិត ទើបមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី៥មិថុនា ឆ្នាំ២០២៤ នៅចំណុចអាគារស្នាក់នៅបុគ្គលិកមួយកន្លែង ទល់មុខរង្វង់មូលសួនច្បារឯករាជ្យស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
យោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគេកំពុងនៅខាងមុខអាគារខាងលើ ភ្លាមនោះមានបុរសម្នាក់យកគ្រាប់បែកមួយគ្រាប់ ហុចឱ្យរូបគេកាន់ និងបានទទួលយកមកដោយមិនប្រកែកឡើយ ដោយស្មានតែជារបស់ក្មេងលេង(ក្លែងក្លាយ)។
ក្រោយមកបុរសខាងលើ បានបើករថយន្តចេញពីអាគារបាត់ស្រមោលតែម្ដង មួយសន្ទុះក្រោយមកដោយមានការសង្ស័យ មើលឃើញគ្រាប់បែកដៃនោះដូចមិនទំនង រូបគេក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យមើល ជាក់ស្តែងទើបដឹងថាជារបស់ពិត ដែលធ្វើឱ្យរូបគេភ័យស្ទើរលោះព្រលឹងតែម្ដង។
យ៉ាងណា ជុំវិញបញ្ហាខាងលើនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យ យកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែក គ្រាប់បែក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព៕

