ប្រមុខការពារជាតិអាមេរិក៖ យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ

ភ្នំពេញ៖ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងថា យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ ។
ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោ បានរំឭកថាកាលពីឆ្នាំ ២០២២ សម្តេចបានជួប ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិអាមេរិកនៅខេត្តសៀមរាបក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចូលរួមរំលែកទុក្ខ ចំពោះការចូលទីវង្គត់របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្វាយព្រះភ្លើងបូជាកាលពីម្សិលមិញនេះ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីយោធារបស់កម្ពុជាចំនួន២០នាក់ក្នុងឧបទវហេតុកន្លងមក។
ឯកឧត្តម អូស្ទីន បានបញ្ជាក់ថា «យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ ឯកឧត្តម បានគិតថានេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទៅះបីជាយើងមានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ» ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខចំពោះការចូលទីវង្គត់របស់ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងការបាត់បង់ជីវិតយុទ្ធជនកម្ពុជាយើងចំនួន២០នាក់កន្លងមក ដែលនេះបានបង្ហាញនូវសម្មាnចិត្តរបស់អាមេរិកចំពោះកម្ពុជា ៕

