អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទ ប្រកាន់ ជនសង្ស័យចំនួន ៨នាក់ ពីបទកាន់កាប់ ដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា មានជនសង្ស័យជាក្មេងទំនើង២ក្រុម ក្រុមទី១ មានគ្នា៦នាក់ ឈ្មោះ ឃុត សុខណាត់ ភេទប្រុស អាយុ១៨ឆ្នាំ ឈ្មោះ សុំ សុវណ្ណារុង ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ សារ៉ាន់ ប៊ុនណា ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ហ៊ាន ទីណា ភេទប្រុស អាយុ១៥ឆ្នាំ ឈ្មោះ គា ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ មឿន ដែន ភេទប្រុស អាយុ២០ឆ្នាំ បានប្រមូលផ្តុំគ្នាទៅរកកាប់គេ តែមិនទាន់បានធ្វើសកម្មភាព ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ដកហូតបាន កាំបិតផ្គាក់ ចំនួន១ដើម ចំណែកក្រុមទី២ មានគ្នា២នាក់ ឈ្មោះ ម៉ៅ ម៉េងលី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ គឹម ហេង ភេទប្រុស អាយុ១៦ឆ្នាំ ដែលកំពុងអង្គុយរងចាំកាប់ ក្រុមក្មេងទំនើងម្ខាង ទៀត មានកំបិតផ្គាក់ ចំនួន១ដើម វិជ្ជាមានសារធាតុញៀន ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនផងដែរ នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។
អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទ ប្រកាន់ ជនសង្ស័យចំនួន ៨នាក់ខាងលើ ពីបទល្មើសកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយ គ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន៕

