អភិបាលរងស្រុកមង្គលបូរី ដឹកនាំក្រុមការងារចុះវាស់វែងបើកផ្លូវលំជូនតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន៣៥គ្រួសារនៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក

ភ្នំពេញ៖ មានផ្លូវ មានក្តីសង្ឃឹម ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរស្រុកមង្គលបូរី សុំបើកផ្លូវលំមួយកន្លែង ដែលមានប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ភ្លាមៗនោះគណៈអភិបាលស្រុកមង្គលបូរី នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើការចាត់តាំងលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី សហការជាមួយអាជ្ញាធរភូមិ ឃុំកងកម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក និងមន្ត្រីជំនាញបានចុះវាស់វែងបើកផ្លូវលំជូនតាមសំណូមពរ ។
ក្នុងឱកាសចុះពិនិត្យវាស់វែងនោះលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរីបានមានមតិលើកឡើងថាផ្លូវលំ១ខ្សែនេះមានប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រនេះបងប្អូនប្រជាពលរដ្ឋធ្លាប់សំណូមពរដល់អាជ្ញាធរស្រុក ហើយអាជ្ញាស្រុកក៏បានធ្លាប់បើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់រួចម្ដងហើយ។ ដែលក្នុងនោះមានបងប្អូនប្រជាពលរដ្ឋរស់នៅធ្វើដំណើរឆ្លងកាត់ប្រមាណជាង ៣៥គ្រួសារ ហើយវាគឺជាផ្លូវចាស់យូរណាស់មកហើយ។ម្យ៉ាងវិញទៀតតាមរយៈផ្លូវ១ខ្សែនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ីប្រចាំថ្ងៃ ។
គួរបញ្ជាក់ថា បន្ទាប់ពីចុះវាស់វែងបើកផ្លូវរួចមកលោកអភិបាលរងស្រុកនឹងក្រុមការងារបានយកគ្រឿងចក្រគៀរ បើកផ្លូវតភ្ជាប់គ្នាឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋ បានប្រើប្រាស់ជាបណ្តោះអាសន្នឆាប់ៗនេះផងដែរ៕

