ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនគ្រួសារអតីតយុទ្ធកម្ពុជាខេត្តព្រះវិហារ ៤គ្រួសារ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងគ្រួសារក្រីក្រលំបាកចំនួន០៤គ្រួសារ និងបាននាំយកស្បៀងអាហារឧបត្ថម្ភដល់ បងប្អូនអតីតយុទ្ធជន ដែលពិធីនេះប្រព្រឹត្តនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
អំណោយដែលគ្រួសារអតីតយុទ្ធជន គ្រួសារក្រីក្រ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ,មី ,ទឹកត្រី ,ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជានិច្ច ៕

