អាជ្ញាធរសម្រេចបញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ក្រោយពីម្ចាស់ទូកបោះចោលសំរាមក្នុងទន្លេ

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមពីគណនីហ្វេសបុកឈ្មោះ Buntha Chheang បង្ហាញពីសកម្មភាពម្ចាស់ទូកកាណូតទេសចរណ៍បោះចោលសំរាមចូលក្នុងទន្លេ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។
បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានសម្រេចដូចខាងក្រោម៖
១-អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។
២-ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។
៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចាប់ពីថ្ងៃនេះតទៅ។
ជាមួយគ្នានេះរដ្ឋបាលខណ្ឌដូនពេញ ក៏បានអរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះ ក្នុងន័យដើម្បីថែរក្សាដល់បរិស្ថាន៕

