លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅខេត្តកំពង់ឆ្នាំង គណបក្សប្រជាជន ទទួលការគាំទ្រយ៉ាងលើលលប់ ដោយឈ្នះ ២១អាសនៈសម្រាប់ក្រុមប្រឹក្សាខេត្ត និង ១២៣អាសនៈសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក នៅខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់។ ក្នុងនោះសម្រាប់លទ្ធផលបណ្តោះអាសន្ននៃបោះឆ្នោតក្រុមប្រឹក្សាខេត្ត គណបក្សយប្រជាជនទទួលបាន ៣៦៧សំឡេង គ្រប់គ្រង ២១អាសនៈ ខណៈដែលគណបក្សឆន្ទៈខ្មែរទទួលបាន ៤៦សំឡេង ស្មើនឹង ២អាសនៈ និងគណបក្សកម្លាំងជាតិ ទទួលបាន ១៤សំឡេង ដោយពុំទទួលអាសនៈនោះទេ។ នេះបើយោងតាមរបាយការណ៍ក្រៅផ្លូវការរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ចំណែកលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក សំឡេងគាំទ្រគណបក្ស នយោបាយ ក្នុងនោះរួមមាន៖ ប្រជាជនកម្ពុជា ទទួលបានសំឡេងគំាទ្ររហូតដល់ទៅ ៣៦១សឡេង គ្រប់គ្រងអាសនៈចំនួន ១២៣, គណបក្សឆន្ទៈខ្មែរ ៤៩សំឡេង ទទួលបានអាសនៈចំនួន ១៤ និងគណបក្សកម្លាំងជាតិ មាន ១៥សំឡេង ទទួលបានអាសនៈចំនួន ៣។ ជាមួយគ្នានេះ គណបក្សហ្វុនស៊ុនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១សំឡេងដូចគ្នា ប៉ុន្តែពុំទទួលបានអាសនៈឡើយ។
បើតាមលោក ឈឹម ចាន់ធន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោត ចំនួន ៨ការិយាល័យ និងមានអង្គបោះឆ្នោតចំនួន ៤២៧នាក់ និងមានគណបក្សនយោបាយ ចំនួន៥ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤នេះ។
លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាខេត្តមាន ២៣អាសនៈ និងក្រុមប្រឹក្សាក្រុង ស្រុកមានសរុប ១៤០អាសនៈ ៕

