លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅខេត្តក្រចេះ បានបង្ហាញថា គណបក្សប្រជាជន ទទួលបាន១០៣សំឡេង

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក នៅខេត្តក្រចេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា គឺទទួលបាន១០៣សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន១៨សំឡេង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក អាណត្តិទី៤ នៅតាមបណ្តាស្រុក ក្រុងទាំង៧ក្នុងខេត្តក្រចេះ បានបញ្ចប់ទៅដោយស្ងប់ស្ងាត់ និងមានសុវត្ថិភាពល្អប្រសើរ។
លោកស្រី អ៊ាង សារិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តក្រចេះ បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុង ស្រុកដែលត្រូវបោះឆ្នោតជ្រើសរើសមាន៖
•ក្រុមប្រឹក្សាខេត្តមានចំនួន២១រូប
•ក្រុមប្រឹក្សាក្រុងក្រចេះមានចំនួន១៥រូប
•ក្រុមប្រឹក្សាស្រុកឆ្លូង មានចំនួន១៧រូប
•ក្រុមប្រឹក្សាស្រុកចិត្របុរី ចំនួន១៩រូប
•ក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ ចំនួន១៩រូប
•ក្រុមប្រឹក្សាស្រុកសំបូរ ចំនួន១៧រូប ក្រុមប្រឹក្សាស្រុកស្នួល ចំនួន១៩រូប
•ក្រុមប្រឹក្សាស្រុកអុរគ្រៀងសែនជ័យ មានចំនួន១៥រូប។
ក្នុងនោះមានអ្នកបោះឆ្នោតដែលជាក្រុម ប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងសរុបចំនួន៣០០នាក់ និងការិយាល័យបោះឆ្នោតចំនួន៧ការិយាល័យ នៅតាមបណ្តារក្រុងស្រុក។
ដោយឡែក គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតមានចំនួន៥រួមមាន៖
១.គណបក្សប្រជាជនកម្ពុជាឈរឈ្មោះ នៅមណ្ឌលខេត្ត និងមណ្ឌលក្រុង ស្រុកទាំង៧
២.គណបក្ស ឆន្ទៈខ្មែរ ឈរឈ្មោះនៅមណ្ឌលខេត្ត និងមណ្ឌលក្រុង ស្រុកទាំង៧
៣. គណបក្សកម្លាំងជាតិ ឈរឈ្មោះនៅមណ្ឌលខេត្ត មួយមណ្ឌល
៤.គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះនៅមណ្ឌលខេត្ត និងមណ្ឌលក្រុង ស្រុកទាំង៧
៥.គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះនៅមណ្ឌលខេត្ត និងមណ្ឌលស្រុកសំបូរ (២មណ្ឌល)។
លោកស្រីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក៏បានឲ្យដឹងដែរថា ដំណើរការបោះឆ្នោត បានចាប់ផ្តើមនៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ និងបានបិទបញ្ចប់នៅវេលាម៉ោង១១៖០០នាទី នៅទូទាំងខេត្តក្រចេះ គឺដំណើរទៅមានសន្តិសុខសុវត្ថិភាពយ៉ាងល្អប្រសើរ ៕

