ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមបេសកកម្មធនាគារ K-Eximbank

ភ្នំពេញ៖ នៅទីស្តីការក្រសួង នាថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តភាគខាងកើតទន្លេមេង្គ/អាងទឹកព្រែកនាល ស្ថិតនៅក្នុងខេត្តស្វាយរៀង ជាមួយលោក Jeon Jongil ប្រធានក្រុមបេសកកម្មធនាគារ K-Eximbank /ECDF នៃសាធារណរដ្ឋកូរ៉េ។
សូមជម្រាបថា កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកស្រី Minnie Chey នាយិកាប្រតិបត្តិ K-Eximbonk/EDCF ប្រចាំកម្ពុជា ព្រមទាំងសហការី មន្រ្តីបច្ចេកទេស PMU/MoWRAM តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ និងសហការី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមកពីក្រសួងបរិស្ថានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ព្រមទាំងទីប្រឹក្សាគម្រោង។
អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សិក្សាវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គម ដោយយកចិត្តទុកដាក់ និងយោគយល់គ្នា ក្នុងការទទួលខុសត្រូវលើការងារបច្ចកទេសដោយលើកយកទឡ្ហីករណ៍ដែលបានសិក្សាយកមកផ្ទៀងជាមួយបទដ្ឋាននានា ដើម្បីកំណត់ចំណាត់ថ្នាក់នៃផលប៉ះពាល់លើតំបន់គម្រោង ព្រែកនាល។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់យោបល់ និងកែសម្រួលលើឯកសាររបាយការណ៍ឱ្យមានន័យគ្រប់គ្រាន់ ឆ្លើយតបតាមបទដ្ឋានគតិយុត្តរបស់ក្រសួងបរិស្ថាន និងគោលការណ៌របស់ K-Exambank/ECDE នៃសាធារណរដ្ឋកូរ៉េ ដើម្បីងាយស្រួលក្នុងការអនុវត្តគម្រោង ៕

