សម្តេចតេជោ អរគុណអ្នកបរិស្ថានវៀតណាម ដែលអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណតិចតួចបំផុត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអរគុណដល់អ្នកបរិស្ថានវៀតណាម ដែលបានចេញមកអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណទឹកតិចតួចបំផុត បើធៀបបរិមាណទឹកកំពុងហូរតាមប្រទេសវៀតណាមចូលទៅកាន់សមុទ្រនាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសថ្លែងសារពិសេសជាវីដេអូពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមអរគុណចំពោះអ្នកវិទ្យាសាស្ត្រវៀតណាមដែលចេញមកអះអាងថា បើព្រែកជីកនេះដំណើរការវាអស់ចំនួនតូចណាស់បើប្រៀបធៀបជាមួយនឹងទឹកទន្លេមេគង្គដែលកំពុងហូរ ហើយក្នុងករណីដែលមានការបង្ករបង្កើនផល វាក៏មានចំនួនតូចណាស់បើប្រៀបធៀបជាមួយនឹងទន្លេមេគង្គដែលកំពុងហូរ វាអត់ត្រូវការបាត់ដល់ទៅ ៥០ភាគរយ ដូចដែលវិទ្យាស្ថានកាន់ធើរ បានធ្វើការអះអាងទេ»។
សម្តេចតេជោ លើកឡើងថា សម្តេចត្រូវតែនិយាយចាប់ពីពេលនេះទៅដើម្បីជំរុញទៅលើការអនុវត្តន៍ជាក់ស្តែងទៅលើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ នឹងសូមឱ្យប្រជាពលរដ្ឋខ្មែរមើលឱ្យហួសពីព្រំដែននៃផលចំនេញខាងសេដ្ឋកិច្ច និងសង្គម ទៅជាផលចំនេញនៃឯករាជ្យខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «មានជនបរទេសមួយចំនួនបានចាប់ផ្តើមសរសេរហើយ ខ្ញុំគិតថាគេសរសេរត្រូវ គេថាប្រសិនបើកម្ពុជាជីកបានព្រែកជីកនេះ (ព្រែកជីកហ្វូណនតេជោ) ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា នឹងត្រូវបានកាត់បន្ថយ វាជារឿងពិតខ្ញុំទទួលស្គាល់ ព្រោះកាលណាយើងពឹងដង្ហើម ពឹងផ្លូវរបស់គេ ជំពាក់ត្រូវតែសម្រុះសម្រួល គេទារថ្លៃយើងឱ្យថ្លៃ ប៉ុន្តែមិនដល់កម្រិតគេទាមទារមិនសមហេតុ សមផលនោះទេ» ៕