ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រាជរដ្ឋាភិបាលថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹង សកម្មភាពការងារចុះមូលដ្ឋាន ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹង សកម្មភាពការងារចុះមូលដ្ឋានដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយ និងវិធានការជាគន្លឹះនានារបស់រាជរដ្ឋាភិបាលឱ្យបាន សកម្មផុសផុលនៅគ្រប់មូលដ្ឋានដើម្បីជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងទស្សនវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។
ក្នុងឱកាសអញ្ជើញប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរវេល ខេត្តបាត់ដំបង នៅសាលាស្រុកបវេល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានគូសបញ្ជាក់បន្តថា ដោយឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ណែនាំ នានាអំពីការចុះមូលដ្ឋានរួមមាន៖
+ សេចក្តីណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន
+ សេចក្តីណែនាំស្តីពីការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
+ លិខិតណែនាំអំពីការរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋាននិងជំនួយស្មារតី សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រៀបចំវេទិកាសាធារណៈតាមមូលដ្ឋាន
+ លិខិតណែនាំអំពីរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងទម្រង់របាយការណ៍ដែលក្រុមការងារត្រូវធ្វើរបាយការណ៍ ឱ្យបានទៀតទាត់ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ។
ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានរៀបចំឯកសារនេះជូន ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម ប្រធានក្រុម ការងារតាមឃុំ និង រដ្ឋបាលស្រុកដើម្បីស្រាវជ្រាវអនុវត្តនិងផ្សព្វផ្សាយបន្ត ៕

