ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គភាពដែលបានចាត់តាំងចុះមូលដ្ឋាន ស្រុកបវេលមិនមានការប្រែប្រួលឡើយ

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល បានឲ្យដឹងថា ក្នុងរយៈពេល ជាង២០ ឆ្នាំកន្លងមកនេះ អង្គភាពដែលបានចាត់តាំងចុះមូលដ្ឋាន ស្រុកបវេលមិនមានការប្រែប្រួលនោះឡើយ ។
ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរវេល ខេត្តបាត់ដំបង នៅសាលាស្រុកបវេល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីតួនាទី និងសារៈសំខាន់នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តចាត់តាំងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសនូវសមាសភាពក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក។
ឯកឧត្ដមបន្តថា ដោយសារមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នោះទើបសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត ភាគច្រើនត្រូវបានធ្វើការកែសម្រួលផ្លាស់ប្តូរ។ ចំពោះខេត្តបាត់ដំបងរបស់យើងរាជរដ្ឋាភិបាលបានសម្រេចចាត់តាំង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជំនួសសម្តេច ក្រឡាហោម ស ខេង ដែលត្រូវបានចាកចេញពីរាជរដ្ឋាភិបាលអាណត្តិទី៧ មកទទួលតួនាទីជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង។ ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បានបន្តតួនាទីជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបងបន្តទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រី លើកឡើងថា លើមូលដ្ឋាននៃការកែសម្រួលសមាសភាពក្រុមការងាររារដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភាគច្រើននៅទូទាំងប្រទេសក៏ មានការកែសម្រួលផ្លាស់ប្តូរផងដែរ។ ដោយឡែកចំពោះស្រុកបវេលរបស់យើង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក មិនមានការរុះរើកែសម្រួលផ្លាស់ប្តូរច្រើននោះឡើយ។ ចំពោះក្រុមការងារចុះមូលដ្ឋានមានការកែ សម្រួលប្រធានក្រុមការងារនិងសមាសភាពមួយចំនួនតាមឃុំ ដើម្បីបែងចែកកម្លាំងក្រុមការងារឱ្យ មានភាពសមស្របពីឃុំមួយទៅឃុំមួយនៃស្រុកបវេល។
ឯកឧត្ដម សក់ សេដ្ឋា បញ្ជាក់ថា «ជារួមក្នុងរយៈពេល ជាង២០ ឆ្នាំកន្លងមកនេះ អង្គភាពដែលបានចាត់តាំងចុះមូលដ្ឋាន ស្រុកបវេលមិនមានការប្រែប្រួលនោះឡើយ។ មានអង្គភាពស្នូលចំនួន៣ ឬ៤ ដែលបានចាត់តាំងឱ្យ ចុះមូលដ្ឋានស្រុកបវេលរួមមានៈ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃដែលបានបំបែកចេញពីអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង» ។
ឆ្លៀតយកឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ក្នុងនាមរដ្ឋបាលស្រុក ឃុំ និងក្នុងនាមប្រជាពលរដ្ឋនៃស្រុកបវេលទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តបាត់ដំបង ដែលសម្តេចបានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដឹកនាំក្រុមការងារ ចុះមូលដ្ឋានខេត្តបាត់ដំបង ឱ្យសម្រេចបាននូវសមិទ្ធិផលនានាជាច្រើនឥតគណនាចូលរួមធ្វើឱ្យ ខេត្តបាត់ដំបងទាំងមូលឱ្យមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍនរីកចម្រើនគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។
ទន្ទឹមនេះ ឯកឧត្ដមក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម អស់លោក ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគ្រប់ជំនាន់ដែលបានចូលរួមយ៉ាងធំធេងមិនអាចកាត់ថ្លៃ បានក្នុងការកសាងអភិវឌ្ឍស្រុកបវេលឱ្យមានការអភិវឌ្ឍគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្ដម សក់ សេដ្ឋា គូសបញ្ជាក់ថា យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការងារសមិទ្ធិផលដែលក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុក ឃុំ ភូមិ នៃស្រុកបវេលសម្រេចនាពេលកន្លងមក ដោយខិតខំពង្រឹងសាមគ្គីសហ ការគ្នាឱ្យបានរឹងមាំ ដើម្បីជ្រោមជ្រែងសមិទ្ធិផលថ្មីៗជាបន្តទៀត សំដៅចូលរួមអភិវឌ្ឍនស្រុកបវេល និងខិតខំឱ្យអស់ពីកំលាំងកាយចិត្ត ចូលរួមសហការជាមួយរដ្ឋបាលស្រុក ឃុំ ភូមិនានានៃស្រុក បវេលដើម្បីដោះស្រាយឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាជន នៃស្រុកបវេលទាំងមូល ៕

