សម្តេចធិបតី៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ បញ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរ ហ្រេ្វស មីល ឯ.ក នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងបន្តថា ទិន្នន័យនៃការនាំចូលទឹកដោះពីក្រៅប្រទេសចូលមកកម្ពុជា គិតជាប្រចាំឆ្នាំមានចំនួន ៩៨,០០០តោន ក្នុងមួយឆ្នាំ និងគិតជាថវិកាសរុបប្រមាណ ៧៤៤លានដុល្លារ។ ដូច្នេះហើយទើបក្មេងៗជំនាន់ក្រោយបានទទួលអាហាររូបត្ថម្ភគ្រប់គ្រាន់ ធ្វើឱ្យរាងកាយលូតលាស់បានល្អ កាយសម្បទាមាំមួន ពីព្រោះគុណភាពចំណីអាហារគឺសំខាន់ណាស់ ដោយការបរិភោគគ្រប់គ្រាន់នៅពីក្មេង នឹងផ្តល់ផលល្អនៅពេលចាស់ ៕
