ឧបនាយករដ្ឋមន្ត្រី ស សុខា ស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរមកស្រុកកំណើត ហើយត្រូវរង់ចាំយូពេលទទួលសេវា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបើត្រូវចំណាយពេលរង់ចាំទទួលសេវាក្នុងគ្រាដែលមានអ្នកដំណើរចេញចូលច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការស្នើររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បែបនេះបានធ្វើឡើងខណៈពេលអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនបងប្អូនពលករថា ការអនុវត្តនីតិវិធីងាយស្រួលជាងមុនសម្រាប់ដំណើរវិលចូលប្រទេសរបស់បងប្អូន គឺជាការប្រតិបត្តិតាមគោលការណ៍ឯកភាពគ្នាដ៏ខ្ពង់ខ្ពស់រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរចេញ និងចូលរវាងពលរដ្ឋនៃប្រទេសទាំងពីរ នាឱកាសបុណ្យចូលឆ្នាំថ្មី។
ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណិត ស សុខា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកដែលប្រចាំការនៅតាមបណ្ដាច្រកទ្វារព្រំដែន ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ចូលប្រទេសដើម្បីអបអរសាទរឆ្នាំថ្មីជាមួយក្រុមគ្រួសារ៕

