ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស រៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលរយៈពេល ៣ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងប្រមូលធាតុចូល សម្រាប់រៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលរយៈពេល ៣ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងប្រមូលធាតុចូល សម្រាប់រៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងវិស័យឯកជន ប្រមាណជាង១៥០នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun & Moon Riverside។
លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការទទួលបន្ទុកការងារការទូតសេដ្ឋកិច្ច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចពិភាក្សា ផ្លាស់ប្តូរមតិលើសមិទ្ធផល បញ្ហាប្រឈម និងកិច្ចសហការរវាងរដ្ឋ និងឯកជន ពិសេសលើការជំរុញពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងកីឡា ដែលជាគោលបំណងស្នូលនៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកន្លងមក។
លើសពីនេះទៀត អង្គប្រជុំបានពិភាក្សាលើការកែលម្អ និងចក្ខុវិស័យសម្រាប់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិងកំពុងព្រាង។
នាពេលរសៀលនៃថ្ងៃដដែល ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចបានរៀបចំ Networking Session ដែលជាវេទិកាដ៏សំខាន់មួយសម្រាប់ស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជនធ្វើការប្រាស្រ័យទាក់ទងគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ក្រុមហ៊ុន និងសហគ្រាសនាំចេញក្នុងស្រុកមួយចំនួនក៏បានដាក់តាំងបង្ហាញនូវគំរូផលិតផលខ្មែរយ៉ាងច្រើនសម្បូរបែប សំដៅជំរុញការផ្សព្វផ្សាញផលិតផលខ្មែរនៅបរទេស និងសក្តានុពលនាំចេញ ៕

