មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ ដឹកនាំកម្លាំងធ្វើលំហាត់យុទ្ធដំណើរទ័ព ដើម្បីពង្រឹងកាយសប្បទា

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២
លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ បានដឹកនាំកម្លាំងធ្វើលំហាត់យុទ្ធដំណើរទ័ព រយៈចម្ងាយ ១២គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរ លោកមេបញ្ជាការរង នាយសេនាធិការ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពត្រូវអនុវត្តលំហាត់យុទ្ធដំណើរទ័ព ពង្រឹងកាយសប្បទារឹងមាំ និងរំលឹកឡើងវិញនូវជំនាញ បច្ចេកទេស ពិសេសលើផ្នែកយុទ្ធវិធី ដើម្បីធានាបាននូវការអនុវត្តន៍តួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។
លោកមេបញ្ជាការរង នាយសេនាធិការ បានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ នាយទាហាន នាយទាហានរង ពលទាហាន ការិយាល័យ ផ្នែកចំណុះកងពលតូចថ្មើរជើងលេខ៥២ ទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ការងារលើផ្នែកយុទ្ធវិធី ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕

