ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ចុងក្រោយស្តីពី របាយការណ៍សង្ខេបលទ្ធផលសិក្សា គំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ចុងក្រោយស្តីពី របាយការណ៍សង្ខេបលទ្ធផលសិក្សា គំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិនៃគម្រោង “គាំទ្រកម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (ពិធីបើក) និង ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប (ពិធីបិទ) តំណាង ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួម ដោយលោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា និងក្រុមការងារ តំណាងអង្គការ JICA តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងវិស័យឯកជនដែលជាដៃគូរសហការលើការសិក្សា និងអនុវត្តគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ សម្រាប់ព្រះរាជណាចក្រកម្ពុជាផងដែរ។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពង្រឹងការផ្សព្វផ្សាយ និងប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលឌីជីថល នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងព្រះរាជាណាចក្រកម្ពុជា៕
