ប្រមុខការពារជាតិ៖ រុស្ស៊ីបានបង្កើតកងកម្លាំងយោធាចំនួន០២ ដើម្បីឆ្លើយតបនឹងការពង្រីកព្រំដែនណាតូ

មូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoygu បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានបង្កើតកងកម្លាំងយោធាថ្មីចំនួន០២ ដើម្បីឆ្លើយតបទៅនឹងការពង្រីកព្រំដែនរបស់អង្គការណាតូ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រមុខយោធារុស្ស៊ីនៅទីក្រុងមូស្គូ លោក Sergey Shoygu បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការចូលជាសម្ព័ន្ធមិត្តរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។
ដោយសារតែការកសាងសក្ដានុពលយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ី ការពង្រីកសម្ព័ន្ធភាពតាមរយៈការចូលប្រទេសហ្វាំងឡង់ ហើយនៅពេលអនាគត ស៊ុយអែត យើងបានចាត់វិធានការដើម្បីពង្រឹងក្រុមទ័ពនៅភាគពាយ័ព្យ និងខាងលិចជាយុទ្ធសាស្ត្រទិសដៅ។
លោលោកបានបន្តថា សមាគមដែនដីយុទ្ធសាស្ត្រចំនួនពីរត្រូវបានបង្កើតឡើងគឺតំបន់យោធា Leningrad និងក្រុងម៉ូស្គូ។
នៅខែឧសភា ឆ្នាំ២០២២ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូ ដោយបោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតភាពយោធាយូរអង្វែងរបស់ពួកគេ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេស របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ការចូលជាសមាជិករបស់ហ្វាំងឡង់ទៅអង្គការណាតូបានធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ដំបូងឡើយ ហុងគ្រី និងទួរគីបានជំទាស់នឹងការស្នើសុំរបស់ស៊ុយអែត ដោយសារភាពចម្រូងចម្រាសដែលមានស្រាប់លើបញ្ហាប្រឆាំងភេរវកម្ម។ ទោះយ៉ាងណាក៏ដោយនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសថាប្រទេសទាំងពីរបានរកឃើញចំណុចរួមហើយ Ankara បានលុបចោលការជំទាស់របស់ខ្លួន។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា ទីក្រុង Budapest ក៏នឹងមិនរារាំងការចូលរបស់ប្រទេសស៊ុយអែត ហើយនឹងគាំទ្រសមាជិកភាពរបស់ខ្លួន។
ប្រទេសស៊ុយអែតបានបញ្ចប់នីតិវិធីសមាជិកភាពរបស់ខ្លួនកាលពីខែមុន ហើយគ្រោងនឹងចូលរួមជាផ្លូវការ។
ប្រភព៖ AA
ប្រែសម្រួលដោយ៖ ឡាយ លីហួ
